Monday, November 20, 2017

ក្រសួងសង្គមកិច្ច បើកសិក្ខាសាលាស្តីពីការងាររដ្ឋបាលហិរញ្ញវត្ថុ និងផែនការ ដល់មន្ត្រីរាជការ

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោក នូ នីម អនុរដ្ឋលេខាធិការ តំណាង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការងាររដ្ឋបាល ហិរញ្ញវត្ថុ និងផែនការ ដល់មន្ត្រីរាជការនៅថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត សរុបប្រមាណចំនួន ១០០ នាក់។ សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ០៥ ចាប់ពីថ្ងៃទី២០ នឹងបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលរួមមានជំនាញការងាររដ្ឋបាល ហិរញ្ញវត្ថុ និងផែនការ ដែលជាជំនាញទូទៅដែលមន្ត្រីគ្រប់រូបត្រូវចេះដឹងបន្ថែមលើជំនាញបច្ចេកទេសក្នុងការអនុវត្តការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ។

លោក នូ នីម មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យសង្គមជាតិទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាកត្តាគន្លឹះសំខាន់បំផុត ដើម្បីឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អនុលោមតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការដឹកនាំរបស់លោក វង សូត បានចាត់ទុកការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពមន្ត្រីរាជការ ជាកម្មវិធីអាទិភាពដែលមាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ជាអង្គភាពអនុវត្តបេសកកម្ម។
ក្នុងឱកាសនោះដែរ លោក នូ នីម បានផ្តល់ជាអនុសាសន៍ដល់មន្ទីរ ស.អ.យ រាជធានី ខេត្ត និងអង្គការក្រោមឱវាទក្រសួងចូលរួមជំរុញការអនុវត្តការងារអាទិភាព ៨ ចំណុច ដូចខាងក្រោម៖
១- លើកកម្ពស់សុខុមាលភាពសង្គម និងកិច្ចការគ្រួសារ
២- លើកកម្ពស់សុខុមាលភាពកុមារ និងយុវនីតិសម្បទា
៣- លើកកម្ពស់សុខុមាលភាពសម្រាប់ជនពិការ
៤- លើកកម្ពស់សុខុមាលភាពមនុស្សចាស់
៥- លើកកម្ពស់វិស័យអតីតមន្ត្រីរាជការស៊ីវិល
៦- លើកកម្ពស់វិស័យអតីតយុទ្ធជន
៧- បង្កើតរបបសន្តិសុខសង្គមសម្រាប់ប្រជាជនទូទៅ
៨- ពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ៕






No comments:

Post a Comment