Monday, November 20, 2017

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចប្រើប្រាស់បទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការបែងចែកអាសនៈតំណាងរាស្ត្រដែលនៅទំនេរ!

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីសម្រេចស្ដីពីដាក់ឱ្យប្រើប្រាស់បទបញ្ជា និងនីតិវិធី សម្រាប់ការអនុវត្តមាត្រា ១៣៨ស្ទួននៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់អនុវត្តការងារពាក់ព័ន្ធនឹងការបែងចែកអាសនៈដែលនៅទំនេរ។ គ.ជ.ប បានបញ្ជាក់ថា ការចេញសេចក្ដីសម្រេចខាងលើនេះគឺដើម្បីរៀបចំបែងចែកអាសនៈដែលនៅទំនេរក្នុងករណីមានគណបក្សនយោបាយណាមួយប្រកាសបោះបង់អាសនៈរបស់ខ្លួន ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្ត្រទាំងអស់នៃគណបក្សនយោបាយនោះលែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀត។

គ.ជ.ប បានបន្តថា ការបែងចែកអាសនៈនេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីទទួលបានលិខិត ជូនដំណឹងផ្លូវការពីរដ្ឋសភា ឬ/និង ក្រសួងមហាផ្ទៃ ទៅឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្តទាំង២៥ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះ ចេញពីគណបក្សនយោបាយ ឬដែលត្រូវរំលាយស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងគណបក្សមានអាសនៈ ក្នុងរដ្ឋសភាដែលដឹកនាំរាជរដ្ឋាភិបាលឡើយ។

សូមជម្រាបថា ការចេញសេចក្ដីសម្រេចរបស់ គ.ជ.ប នាពេលនេះ ធ្វើឡើងក្រោយពេលតុលាការកំពូលចេញសាលដីកា កាត់រំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨រូប មិនឱ្យធ្វើនយោបាយក្នុងប្រទេសកម្ពុជារយៈពេល៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសឃុបឃិតជាមួយបរទេសក្បត់ជាតិខ្លួនឯង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចំពោះអាសនៈតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលនៅទំនេរក្នុងរដ្ឋសភានោះ មានចំនួន៥៥អាសនៈ៕

សូមអានសេចក្ដីសម្រេចរបស់ គ.ជ.ប ខាងក្រោម៖
















No comments:

Post a Comment