Monday, November 20, 2017

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០១៧នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជាមួយគ្នានេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងថ្មីមួយដោយប្រកាសឱ្យម្ចាស់យានយន្ដទាំងអស់ដែលមានកាតព្វកិច្ចបង់ពន្ធសម្រាប់ឆ្នាំ២០១៧ រួសរាន់ទៅបង់ពន្ធឱ្យទាន់ពេលវេលាចៀសវាងរងការផាកពិន័យទ្វេដង។
អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា រយៈពេលកន្លងមកនេះ មានម្ចាស់យានយន្ដភាគច្រើន បានមកបង់ពន្ធរួចរាល់ហើយ តែម្ចាស់យានយន្ដមួយចំនួនទៀតមិនទាន់បានមកបង់ពន្ធនៅឡើយ។ ដើម្បីចៀសវាងការកកស្ទះ និងការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធនៅជិតថ្ងៃផុតកំណត់ដែលអាចនាំទៅដល់បាតុភាព អសកម្ម ដោយប្រការណាមួយអគ្គនាយកដ្ឋាន សូមក្រើនរំលឹកជាថ្មី ដល់ម្ចាស់យានយន្ដសូមឱ្យរួសរានមកបង់ពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា ក្នុងករណីម្ចាស់យានយន្ដខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ដនឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចជាពិសេសនគរបាលចរាចរណ៍ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះតាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ៕


No comments:

Post a Comment