Tuesday, March 07, 2017

រដ្ឋមន្ត្រី​ក្រសួងប​រិស្ថាន អំពាវ​នាវឱ្យ​ចូលរួម​គាំទ្រ​កម្មវិធីវិនិយោគ​ព្រៃឈើ​នេះ ដើម្បី​ធានា​ឱ្យបាននូវ​ការកា​រពារ និងអភិ​រក្សជីវៈ

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកម្មវិធីវិនិយោគព្រៃឈើ សហការរៀបចំដោយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងធនាគារអភិវឌ្ឍន៍អាស៊ី។
នាឱកាសនោះផងដែរ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តចូលរួមគាំទ្រកម្មវិធីវិនិយោគព្រៃឈើនេះ ដើម្បីធានាឱ្យបាននូវការការពារ និងអភិរក្សជីវៈចម្រុះតាមរយៈការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការបង្កើតផលិតកម្មឈើខ្នាតតូច និងបង្កើនជម្រើសមុខរបរ និងការចូលរួមពីវិស័យឯកជន និងអ្នកពាក់ព័ន្ធ ក្នុងការស្តារព្រៃឈើ និងផលិតកម្មឈើ តាមរយៈការដាំ និងផ្គត់ផ្គង់ឈើ និងឈើថាមពលក្នុងស្រុក។ លោករដ្ឋមន្ត្រីក៏បានរំលេចឱ្យឃើញនូវសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យបរិស្ថាន ធនធានធម្មជាតិ និងព្រៃឈើផងដែរ ដែលរួមមាន ១-ការបែងចែកឱ្យដាច់ពីគ្នានូវតួនាទីភារកិច្ច និងការទទួលខុសត្រូវរវាងស្ថាប័នអភិរក្សនិងស្ថាប័នអភិវឌ្ឍន៍ ២-ការពង្រីកវិសាលភាពផ្ទៃដីអភិរក្ស តាមរយៈការបង្កើតតំបន់ការពារធម្មជាតិថ្មី និងរបៀងអភិរក្សជីវៈចម្រុះ និង៣-ការផ្ទេរសមត្ថកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រងកម្មវិធីរេដបូកពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មកឱ្យក្រសួងបរិស្ថាន។ ជាងនេះទៅទៀត លោករដ្ឋមន្ត្រីក៏បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ បន្តចូលរួមកែប្រែទាំងផ្នត់គំនិត និងឥរិយាបថ ក៏ដូចជាមុខងាររបស់ស្ថាប័នមានសមត្ថភាព ឱ្យស្របតាមការវិវត្តរបស់សេដ្ឋកិច្ចសង្គម។
សូមជម្រាបផងដែរថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីប្រមូលផ្ដុំធាតុចូលពីអ្នកពាក់ព័ន្ធ សម្រាប់បំពេញបន្ថែមលើសេចក្ដីព្រាងសំណើរៀបចំកម្មវិធីវិនិយោគព្រៃឈើ និងធ្វើឱ្យកម្មវិធីនេះមានលក្ខណៈពេញលេញ និងគ្របដណ្ដប់លើគ្រប់សកម្មភាពគ្រប់គ្រងធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសហគមន៍ ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះមុខ និងអាចអនុវត្តបានក្នុងបរិបទសង្គមកម្ពុជា៕




No comments:

Post a Comment