Tuesday, March 07, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងនេះ​​​ គឺស្របពេលដែល​ រាជធានីភ្នំពេញនា​ពេលបច្ចុប្បន្ន​​ មានយាន​យន្តរាប់លាន​គ្រឿង​

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាតក្រុងខ្សែទី២ កំណាត់ទី១ ប្រវែង ជាង១០គីឡូម៉ែត្រ តភ្ជាប់ពីទំនប់កប់ស្រូវមកកាន់មហាវិថីសហព័ន្ធរុស្ស៊ី និងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២ ប្រវែងជិត ១៧គីឡូម៉ែត្រ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី មកកាន់ផ្លូវជាតិលេខ២ ដែលផ្លូវទាំងពីរកំណាត់នេះ ត្រូវចំណាយថវិកាសាងសង់សរុបជាង ៧២លានដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ឬ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នេះ គឺចំណាយថវិកាសាងសង់ប្រមាណ១០លានដុល្លារ ក្នុងនោះ ៥០% ជាថវិការបស់សាលារាជធានីភ្នំពេញ និង៥០% ជាថវិកាបដិភាគរបស់សាលាក្រុងហាណូយ។ ចំណែកឯ ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២វិញ គឺ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី មកកាន់ផ្លូវជាតិលេខ២ ដែលកំពុងត្រូវបានស្ថាបនា ក៏គ្រោងនឹងចំណាយថវិកាសាងសង់ជិត ៦២លានដុល្លារអាមេរិក  ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់នានា។ ផ្លូវនេះត្រូវប្រើពេលសាងសង់ប្រមាណជា ៣៦ខែ ដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០១៩ ខាងមុខ។
លោក ហ៊ុន សែន បានថ្លែងថា ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងនេះ គឺស្របពេលដែលរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានយានយន្តរាប់លានគ្រឿងធ្វើឲ្យចរាចរណ៍កកស្ទះខ្លាំង ដែលទាមទារឲ្យមានការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាច្រើនទៀត។ កម្ពុជាត្រូវការស្ពានយុទ្ធសាស្ត្រ ២កន្លែងទៀត គឺទី១ស្ពានពីជ្រោយចង្វារទៅស្វាយជ្រុំ អរិយក្សត្រ! ទី២គឺស្ពានពី អរិយក្សត្រទៅក្តីតាកុយ។ លោកបានស្នើដល់រដ្ឋាភិបាលចិនឲ្យបន្តជួយសាងសង់លើគម្រោងនេះនាពេលឆាប់ៗ ខាងមុខនេះ។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកអគ្គរដ្ឋទូតចិន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៥១ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ១ផងដែរ។  នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៧ មុនពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ មហាវិថីតេជោ នឹងត្រូវបើកដាក់ឲ្យប្រើប្រាស់ ដើម្បីសម្រួលកុំឲ្យកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ២ ជាពិសេសផ្លូវចេញចូលក្រុងភ្នំពេញតែម្តង។
ក្រោយពេលសាងសង់រួចរាល់ជាស្ថាពរផ្លូវក្រវាត់ក្រុងខ្សែទី២នេះ នឹងសម្រួលការដឹកជញ្ជូន ការផ្គត់ផ្គង់ភស្តុភារ និងទំនិញពីផ្លូវជាតិលេខ៥ ទៅកាន់ផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសតភ្ជាប់ទៅតំបន់ទំនប់កប់ស្រូវ ដែលកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំង និងកំពុងប្រែក្លាយទៅជាមជ្ឈមណ្ឌលស្តុកទុក និងចែកចាយទំនិញនៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ និងទៅទីក្រុងហូជីមិញប្រទេសវៀតណាម។
ដើម្បីឆ្លើយតបកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងកើនដល់ជិត ៣លាននាក់ និងកំណើនយានយន្តជាង២លានគ្រឿង ផ្លូវក្រវ៉ាត់ក្រុងនេះ ក៏នឹងជួយរំដោះចរាចរណ៍រថយន្តដឹកទំនិញធំៗមិនឲ្យចូលក្នុងរាជធានីភ្នំពេញ និងជួយទាញបណ្តារោងចក្រ នានាទៅកាន់ជាយរាជធានីភ្នំពេញផងដែរ។  លើសពីនោះ សាលារាជធានីភ្នំពេញក៏កំពុងសិក្សាការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣  ​ និងទី៤    ផងដែរ        ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ខណៈផ្ទៃដីរាជធានីភ្នំពេញនាពេលបច្ចុប្បន្នកើនដល់ជិត ៧០០គីឡូម៉ែត្រ៕





No comments:

Post a Comment