Tuesday, March 07, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ភូតច្រើនចាញ់អាត្មា

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅសាលមហោស្រពកោះពេជ្រ នាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បក្សប្រឆាំងតែងតែដើរភូតកុហកកេងចំណេញនយោបាយរហូត ប៉ុន្តែភូតច្រើនចាញ់អាត្មា។
លោកបានរំលឹកថា ពាក្យឈ្នះដែលគណបក្សប្រឆាំងដើរនិយាយភូត គឺឮតាំងពីឆ្នាំ១៩៩៨ មកដល់ពេលនេះធ្លាក់ដល់ជិត ២០១៨ ជាងម្ភៃឆ្នាំហើយវាអត់ទៅណាទេនៅដដែល ប៉ុន្តែប្រទេសជាតិមិននៅស្ងៀមទេ គឺធ្វើដំណើរទៅមុខជានិច្ច ដោយសារតែប្រទេសរីកចម្រើន ប្រជាពលរដ្ឋមានឡាន មានម៉ូត៉ូច្រើន បង្កឱ្យមានការស្ទះចរាចរណ៍ ដូច្នេះសូមប្រជាពលរដ្ឋកុំបន្ទោស ហ៊ុន សែន។
លោកបានបន្ថែមថា សូមប្រជាពលរដ្ឋជួយគិតមើល បើទុកឱ្យប្រជាពលរដ្ឋក្រអត់ឡាន អត់ម៉ូតូ អត់កង់ជិះ ប្រជាជនជេរថា ហ៊ុន សែន អន់ ដល់ពេលបង្កើតឱ្យមានការអភិវឌ្ឍ ប្រជាជនមានចំណូលកើនឡើង មានសមត្ថភាពទិញឡាន ទិញកង់ ទិញម៉ូតូជិះ ផ្លូវចង្អៀត ជេរ ហ៊ុន សែន ទៀត ដូច្នេះហើយទើបលោកនាយករដ្ឋមន្ត្រី ខិតខំដើររកជំនួយ និងប្រើប្រាស់ថវិការផ្ទាល់ខ្លួនដើម្បីពង្រីកផ្លូវ ប៉ុន្តែត្រូវក្រុមប្រឆាំងកេងចំណេញរហូតអំពីបញ្ហាស្ទះចរាចរណ៍នេះ។
លោកបានបញ្ជាក់ថា ពេលស្រូវឡើងថ្លៃគេស្រែកថាស្រូវថ្លៃណាស់ ដល់ពេលស្រូវចុះថ្លៃគេថា ស្រូវថោកណាស់ នៅពេលចូលផ្សារថាអង្ករថ្លៃ ដល់ពេលចេញពីផ្សារទៅដល់ស្រែថា ស្រូវថោក ម៉ាភ្លែតស៊ីបានពីរដង ស៊ីអ្នកផ្សារម្តងហើយ ទៅស៊ីអ្នកស្រែម្តងទៀត ប៉ុន្តែភូតច្រើនចាញ់អាត្មា៕

No comments:

Post a Comment