Tuesday, March 07, 2017

លោក ហ៊ុន សែន ព្រមានខ្លាំងៗថា នឹងមិនអត់ឱនឱ្យអ្នកចោទ ភរិយានិងកូនរបស់លោកថា ជាស្រីកំណាន់ និងកូនមេដឹកនាំវៀតណាមឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ បានព្រមានធ្ងន់ៗថា នឹងមិនអត់ឱនឱ្យនរណាម្នាក់ ដែលចោទភរិយា និងកូនរបស់លោក ថាជាភរិយានិងជាកូនរបស់ មេដឹកនាំវៀតណាម ឡេ ដឹកថូ នោះឡើយ។
លោក ហ៊ុន សែន បានប្រកាសថ្កោលទោស លោក សម រង្ស៊ី ដែលបានប្រមាថភរិយានិងកូនរបស់លោកបែបនេះ ថា ជារឿងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបាន។
ការប្រកាសព្រមានធ្ងន់ៗ របស់លោក ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,១៥០នាក់ នៅសាលមហោស្រពកោះពេជ្រ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពី លោកបានប្រកាសជាថ្មីថា នឹងមិនស្នើលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងជាដាច់ខាត។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីថា អ្នកដែលបានចោទប្រពន្ធខ្ញុំ ថាជាប្រពន្ធមេដឹកនាំ ឡេដឹក ថូ របស់វៀតណាម ចោទថាកូនខ្ញុំ ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹកថ គឺអ្នកមិនរួចខ្លួនទេ មិនរួចខ្លួនទាំងបុគ្គល មិនរួចខ្លួនទាំងបក្សរបស់អ្នកឯង។ បើអ្នកឯងមិនធ្វើសកម្មភាពណាមួយឱ្យខ្ញុំពេញចិត្ត ព្រោះនេះជាការប្រមាថធ្ងន់ធ្ងរបំផុត ដែលខ្ញុំមិនអាចទទួលយកបាន»។
ទន្ទឹមនឹងការប្រកាសនេះ លោក ហ៊ុន សែន ក៏បានបង្ហើបដែរថា ការនិយាយចោទភរិយា និងកូនលោក ថាជាភរិយា និងជាកូនមេដឹកនាំ វៀតណាម ឡេ ដឹងថកើតចេញពីការជំរុញរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលជាអ្នកដាក់ចេញគោលនយោបាយ «មានស៊ី អត់សែន មានសែនអត់ស៊ី»។លោកអះអាងថា អ្នកទម្លាយរឿងនេះប្រាប់លោក គឺលោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលធ្លាប់បានចាកចេញពីគណបក្សសមរង្ស៊ី ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស។
លោក ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមប្រកាសជាសាធារណៈ ម៉ៅ មុនីវណ្ណ ដែលជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានវ៉ៃបញ្ចូលមកខ្ញុំ ហើយខ្ញុំនឹងឱ្យផ្សាយនៅល្ងាចនេះតែម្តងនូវ WhatsApp អំពីបញ្ហា ម៉ៅ មុនីវណ្ណ»។ លោកថ្លែងថា « ម៉ៅ មុនីវណ្ណ បានវ៉ៃមកឱ្យខ្ញុំ កាលពីពេលនោះថា លោកពូ ខ្ញុំស្តាប់ សម រង្ស៊ី និយាយផ្ទាល់ក្នុងអង្គប្រជុំ រួចហើយបានគេឱ្យគ្នាគេធ្វើ។ ខ្ញុំមិនយោគយល់ទេ ខ្ញុំមិនអនុញ្ញាតទេ»។
លោក ហ៊ុន សែន ក៏បានបញ្ជោះឱ្យ គណបក្សសង្រ្គោះជាតិ បណ្តេញ លោក ម៉ៅ មុនីវណ្ណ ចេញពីបក្ស ដោយសារតែទម្លាយរឿងនេះ។ លោកថា «ឥឡូវ បើអ្នកឯងចិត្តសឿង ដេញ ម៉ៅ មុនីវណ្ណ ចេញពីបក្សទៅ ! ម៉ៅ មុនីវណ្ណ បានមកទារអាំងប៉ាវពីខ្ញុំ ។ ប្រាប់ទៅវិញក្មួយ មិនទាន់មានអាំងប៉ាវទេ»។

No comments:

Post a Comment