Tuesday, March 07, 2017

ប្រធាន​រដ្ឋសភា​ផ្តល់អនុសាសន៍​ចំនួន ១០​ចំណុច ដើម្បី​លើកម្ពស់​សមភាព​យេនឌ័រ និង​សិទ្ធិ​អំណាចស្ត្រី​

ភ្នំពេញ៖ លោក ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ចំនួន ១០ចំណុច ដើម្បីលើកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រី។ ការផ្តល់នេះបានធ្វើឡើង ខណៈដែលលោកបានអនុញ្ញាតឱ្យគណៈប្រតិភូស្ត្រីដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចូលជួបសម្តែងការគួរសមនាវិមានរដ្ឋសភាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានដឹកនាំគណៈប្រតិភូ ដែលមានសមាសភាពអន្តរស្ថាប័ន និងតំណាងសង្គមស៊ីវិល និងវិស័យឯកជនចូលជួបលោក ហេង សំរិន នាពេលនេះ គឺក្នុងពេលអបអរសាទរខួបទី១០៦ ទិវាអន្តរជាតិនារី ៨ មីនា ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ។
ក្នុងឱកាសនោះផងដែរ លោក ហេង សំរិន បានចាត់ទុកប្រធានបទនេះ ស្របទៅនឹងវឌ្ឍភាពកម្ពុជានាពេលបច្ចុប្បន្ន។ លោកបន្តថា នៅកម្ពុជាការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រី គឺកំពុងសម្រេចបាននូវវឌ្ឍភាពគួរជាទីរីករាយបំផុតស្របតាមគោលនយោបាយ យុទ្ធសាស្ត្រកម្មវិធី និងផែនការសកម្មភាពនានា។ ក្នុងន័យនេះ ចំនួនស្ត្រីក្នុងតួនាទីជាអ្នកតំណាងរាស្ត្រមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។
ក្នុងនាមរដ្ឋសភាបានផ្តល់អនុសាសន៍ចំនួន១០ ដើម្បីបន្តលើកម្ពស់សិទ្ធស្ត្រីនៅកម្ពុជា៖ ១-បន្តពង្រឹងនិងលើកកម្ពស់សមភាពយេនឌ័រ ការចូលរួមរបស់ស្ត្រីនិងកុមារ នៅក្នុងការងារសង្គមឱ្យបានប្រសើរឡើង តាមរយៈការអនុវត្តច្បាប់ និងផែនការឱ្យមានប្រសិទ្ធភាពខ្ពស់ ២-បន្តសិក្សាស្រាវជ្រាវពិនិត្យ និងកែលម្អភាពខ្វះចន្លោះនៃគោលនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធ សំដៅធានាការពារសិទ្ធិ និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងអភិបាលកិច្ច ៣-លើកម្ពស់សមភាពយេនឌ័រ ពង្រឹងស្ថានភាពស្ត្រី និងតួនាទី និងភាពអង់អាចរបស់ស្ត្រី និងកុមារីនៅក្នុងសង្គម តាមរយៈជំរុញការបណ្តុះបណ្តាល បំពាក់បំប៉នជំនាញវិជ្ជាជីវៈ ៤-លុបបំបាត់ទស្សនៈមាក់ងាយតួនាទីរបស់ស្ត្រី សំដៅលើកកម្ពស់ការចូលរួមរបស់ស្ត្រីឱ្យកាន់តែទូលំទូលាយ ក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា ៥-ផ្តល់កាលានុវត្តភាពដល់ស្ត្រីក្នុងការពង្រឹងមុខរបរដើម្បីបង្កើនចំណូល និងកសាងសហគ្រិនភាពស្ត្រី ៦-បង្កើនការងារសម្រាប់ស្ត្រី ឱ្យមានកម្រៃសមរម្យដើម្បីកុំឱ្យមានការធ្វើចំណាកស្រុក ៧-ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការផ្តល់ឱកាសដល់កូនស្រីរបស់ពួកគាត់ យ៉ាងហោចណាស់ រៀបចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ៨- បង្កើនចំណេះដឹងអំពីសុខភាពបន្តពូជរបស់បុរស និង ស្ត្រីដល់វ័យបន្តពូជឱ្យយល់ដឹង ចេះការពារ និងកុំឱ្យមានការខ្មាសអៀនចំពោះការពិភាក្សាអំពីបញ្ហាសុខភាព ៩-ពង្រឹងលទ្ធភាពក្នុងការទទួលសេវាសុខាភិបាលប្រកបដោយគុណភាពសម្រាប់ស្ត្រី និងក្មេងស្រី ជាពិសេសនៅតាមទីជនបទ ១០-បង្កើនការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្ត្រីគ្រប់រូបភាព និងជៀសឱ្យឆ្ងាយពីការស៊ីឈ្នួលពពោះ ដែលជាទង្វើប្រាសចាសពីប្រពៃណីដ៏ផូរផង់របស់កម្ពុជា៕



No comments:

Post a Comment