Tuesday, March 07, 2017

លោក កែវ រ៉េមី ចុះសំណេះសំណាលសាកសួរសុខទុក្ខស្ត្រី និងជនជាប់ឃុំជិត៥០០នាក់ នៅពន្ធនាគារ ខេត្តពោធិ៍សាត់

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ បានដឹកនាំប្រតិភូ ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូននារី និងជនដែលជាប់ឃុំ នៅពន្ធនាគារខេត្តពោធិ៍សាត់ ចំនួន ៤៥៧នាក់ ដើម្បីរំលឹក ដល់ ខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា។
បន្ទាប់ពីលោក ពេជ ហន អភិបាលរងខេត្ត លោក ជេត លី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានមតិស្វាគមន៍រួចមក លោក កែវ រ៉េមី ក៏បាន ថ្លែង មតិសំណេះសំណាល ដល់ស្ត្រីដែលជាប់ឃុំ និងជនជាប់ឃុំជាច្រើននោះដោយបានថ្លែងថា ស្ថានភាពអ្នកជាប់ឃុំ នៅពន្ធនាគារខេត្តពោធិ៍សាត់ គឺមានលក្ខណៈល្អប្រសើរទាំងការស្នាក់នៅ ក៏ដូចជាការហូបចុក។ ថ្នាក់ដឹកនាំខេត្ត ក៏បានយកចិត្តទុកដាក់ និងសហការល្អ ជាពិសេស ប្រធាន និងមន្ទីរពន្ធនាគារមានការយកចិត្តទុកដាក់ដល់អ្នកជាប់ឃុំ និងមានទីធ្លាល្អ បរិយាកាសល្អ មានដាំបន្លែ និងបណ្តុះបណ្តាលនូវមុខជំនាញផ្សេងៗ ដូចជាធ្វើតុ ទូ រោងជាង កាត់ដេរជាដើម។
លោកប្រធានគណៈកម្មាធិការបានបន្តថា នៅពេលដែលបងប្អូនចេញពីពន្ធនាគារ ត្រឡប់ទៅ លំនៅ ដ្ឋានវិញត្រូវចេះកែប្រែខ្លួន ប្រព្រឹត្តអំពើល្អ ដើម្បីជាប្រយោជន៍ដល់សង្គម និងកុំប្រព្រឹត្ត អ្វីដែល ត្រូវវិលត្រឡប់មកពន្ធនាគារជាលើកទីពីរ។
នៅក្នុងឱកាសនោះ ក៏មានការចែកគ្រឿងឧបភោគបរិភោគ ដល់ជនជាប់ឃុំចំនួន ៤៥៧នាក់ ផងដែរ៕




No comments:

Post a Comment