Tuesday, March 07, 2017

លោក ហ៊ុន សែន ព្រមានទម្លាយសារឆ្លើយឆ្លងជាច្រើនផ្សេងទៀតជាមួយថ្នាក់ដឹកនាំសង្រ្គោះជាតិ ប្រសិននៅតែផ្គើន

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងព្រមានទម្លាយសារឆ្លើយឆ្លងទាំងអស់ជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ប្រសិនបើថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាមួយនេះ នៅតែផ្គើនមិនទទួលស្គាល់សារសំឡេងសន្ទនារវាងលោក និងលោក កឹម សុខា ដែលបានបែកធ្លាយកាលពីសប្តាហ៍មុន។ លោក បានថ្លែងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ ពីទំនប់កប់ស្រូវ ដល់មហាវិថីសហព័ន្ធរុស្ស៊ី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានយ៉ាងដូច្នេះ៖ «អ្នកឯងចង់សាកហ្ហេ! បើចង់សាកខ្ញុំទម្លាយចេញទាំងអស់។ តាំងពីក្នុង WhatApp SMS តិចអ្នកឯងថា ខ្ញុំជាមនុស្សមិនបានការ។ គ្រាន់តែឯកសារស្តុក ដែលអ្នកឯង SMS មកខ្ញុំ អ្នកឯង Whatapp មកខ្ញុំ អ្នកឯង Telegram មកខ្ញុំ អ្នកឯង Line មកខ្ញុំ។ អ្នកឯងចង់ឱ្យខ្ញុំបញ្ចេញ? ខ្ញុំនឹងបញ្ចេញឱ្យអ្នកឯងមើលទាំងអស់។ នៅស្រុកខ្មែរមាននរណាជេរ ហ៊ុន សែន ថា អាយ៉ង ក៏ប៉ុន្តែមកធ្វើជា អាយ៉ង របស់ហ៊ុន សែន»។
គួរបញ្ជាក់ថា សារដែលបានបែកធ្លាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកនេះ មិនមានការចេញបដិសេធ ឬប្រតិកម្មណាមួយពីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះទេ តែលោក សម រង្ស៊ី បានចេញមកថ្លែងអំពាវនាវឱ្យសាធារណជន កុំចាប់អាម្មណ៍ទៅលើសារសំឡេងនោះ។ លោក សម រង្ស៊ី បានហៅសំឡេងសន្ទនាបែកធ្លាយនោះថា ជាសំឡែងកាត់ត និងប្រឌិតឡើងក្នុងបំណងបំបែកគណបក្សសង្រ្គោះជាតិ។
ពាក់ព័ន្ធនឹងបញ្ហាសារបែកធ្លាយនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា សំឡេងនោះ គឺពិតជាសំឡេងសន្ទនារបស់លោក ដែលបានផ្តល់យោបល់ណែនាំទៅលោក កឹម សុខា តែត្រង់លោក កឹម សុខា ធ្វើតាម ឬមិនធ្វើតាមជារឿង របស់ លោក កឹម សុខា។ លោក ហ៊ុន សែន ថែមទាំងបបួលលោក កឹម សុខា ទៅស្បថនៅព្រះអង្គដងកើមុខ ព្រះបរមរាជវាំងថែមទៀតផង ប្រសិនបើលោក កឹម សុខា ហ៊ានបដិសេធចំពោះសំឡេងដែលបែកធ្លាយនោះ៕






No comments:

Post a Comment