Tuesday, March 07, 2017

កាកបាទក្រហមកម្ពុជា ប្រគល់រង្វាន់ជូនជ័យលាភីដែលបានប្រកួតជម្រុះផ្តាច់ព្រ័ត្ត ក្នុងចំណោមកុមារ យុវជនពិការ ខ្សោយសតិបញ្ញា ចំនួន ១២អង្គការ

កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា បានចូលរួមអបអរសាទរការប្រកួតបាល់ទាត់ និងប្រគល់ពានរង្វាន់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ៖ “ស្ត្រី/កុមារពិការ និងការចូលរួមក្នុងវិស័យអប់រំ សង្គមកិច្ច សុខាភិបាល កីឡា និងសមភាពយេនឌ័រ (Gender)” ជូនជ័យលាភីដែលបានប្រកួតជម្រុះផ្តាច់ព្រ័ត្ត ក្នុងចំណោមកុមារ យុវជនពិការ ខ្សោយសតិបញ្ញា ចំនួន ១២អង្គការ ដែលពិធីនេះប្រព្រឹត្តទៅនៅតារាងបាល់ទាត់ហ្គោលស្ប៉ត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើគិតគូរ សួរសុខទុក្ខ ការអាណិតអាសូរ និងក្តីស្រឡាញ់ពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល លោកស្រី តែងតែជួយឧបត្ថម្ភ និងលើកទឹកចិត្ត ចំពោះកុមារទាំងអស់ ត្បិតមិនមានកាយសម្បទារគ្រប់គ្រាន់ តែមានប្រាជ្ញា អាចធ្វើអ្វីផ្សេងដូចគេឯងដែរ ហើយដែលនេះ ជាការរួមចំណែកមួយយ៉ាងធំធេងក្នុងសង្គមជាតិ ឱ្យស្ថិតក្នុងការអភិវឌ្ឍ និងការកសាងសុខសន្តិភាព ស្ថិរភាព ជូនបងប្អូនប្រជាពលរដ្ឋ។
លោក ចាន់ សារិន នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ និងជាតំណាងកុមារទាំងអស់ បានថ្លែងនូវក្តីសោមស្សរីករាយជាទីបំផុត ដែលមានភ័ពវាសនាបាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុកដាក់យ៉ាងខ្លាំង និងសូមជូនពរបវរមហាប្រសើរជូន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីធ្វើជាម្លប់ដល់ កុមារពិការខ្សោយសតិបញ្ញា និងជនពិការទូទៅដែរ។
សូមបញ្ជាក់ថា ៖ ជ័យលាភីលេខ ១ ទទួលបាន ពានរង្វាន់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១ និងថវិកា ១លានរៀល។ ជ័យលាភីលេខ ២ ទទួលបាន មេដាយមាស រង្វាន់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១ និងថវិកា ៨០ម៉ឺនរៀល។ ជ័យលាភីលេខ ៣ ទទួលបាន មេដាយប្រាក់ រង្វាន់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១ និងថវិកា ៦០ម៉ឺនរៀល។ ដោយឡែក កុមារពិការទាំងអស់ បុគ្គលិក គ្រូបង្វឹក ដែលចូលរួមក៏ទទួលបានថវិកាមួយចំនួនដែរ៕





No comments:

Post a Comment