Wednesday, February 22, 2017

ពិធីលៀងមេមត់ មរតកជំនឿរបស់អ្នកស្រុកអង្គរដែលបង្ហាញពីភាពសប្បាយរីករាយនិងជំនឿលើព្រលឹងដូនតាខ្មែរ!

វាជារឿងកម្រសម្រាប់មនុស្សសម័យថ្មីដែលបានគិតគូរនិងជឿស៊ប់លើជំនឿ មូលហេតុដោយសារតែការអប់រំនិងវិទ្យាសាស្ត្រជឿនលឿនខ្លាំង។ ការមិនស្គាល់ពីតម្លៃនិងមិនយកចិត្តទុកដាក់របស់កូនខ្មែរភាគច្រើន រួមផ្សំនឹងការហូរចូលនៃវប្បធម៌បរទេសផងនោះ បានធ្វើឱ្យទំនៀមទម្លាប់ខ្មែរមួយចំនួនដែលជាកេរមរតកដូនតាបន្សល់ទុករាប់សតវត្សមកហើយត្រូវបាត់បង់បន្តិចម្តងៗ។
ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែខិតខំរក្សានិងគោរពជំនឿជាច្រើនឱ្យនៅរស់រានរហូតដល់សព្វថ្ងៃ ជាក់ស្តែង «ពិធីលៀងមេមត់»។ ពិធីនេះជាជំនឿមួយក្នុងចំណោមជំនឿជាច្រើន ដែលអ្នកភូមិនគរក្រៅនិងភូមិដទៃទៀតក្នុងរមណីយដ្ឋានអង្គរតែងតែប្រារព្ធធ្វើមិនដែលអាក់ខាន ឱ្យតែដល់ខែមាឃទោះក្នុងថ្ងៃណាក៏បាន ហើយធ្វើពីយប់ដល់ព្រឹក។ ពួកគាត់យល់ថា លៀងមេមត់ជាទំនៀមពីបុរាណ អាចជួយឱ្យជាសះស្បើយពីជំងឺរោគា បណ្តេញខ្មោច ព្រាយ បិសាច ឧបទ្រពចង្រៃចេញពីភូមិស្ថាន និងបួងសួងលួងលោមគ្រូបាអាចារ្យ អ្នកតាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ទេវតាថែរក្សាភូមិស្រុក ឱ្យជួយកូនចៅបាននូវសេចក្តីសុខចម្រើន។
សម្រាប់ពិធីចូលមេមត់ឬលៀងមេមត់នៅភូមិនគរក្រៅ តែងតែរៀបចំឡើងនៅផ្ទះរបស់គ្រូធំឈ្មោះ «គង់» ជារៀងរាល់ឆ្នាំ ហើយអ្នកចូលរូបទាំងអស់ត្រូវមកជួបជុំគ្នានៅទីនេះដើម្បីរៀបចំគ្រឿងសក្ការៈរបស់ខ្លួនមុននឹងពិធីចាប់ផ្តើមនៅពេលយប់។ គ្រូធំមានតួនាទីមើលការខុសត្រូវអន្ទោងយោងកូនចៅទាំងអស់ដែលមកចូលរួម តែកន្លែងខ្លះទៀតគ្មានគ្រូធំទេ មានតែបុគ្គលប៉ុណ្ណោះ ហើយគេលៀងនៅតែផ្ទះអ្នកឈឺ ដើម្បីឱ្យអ្នកឈឺនោះបានជាសះស្បើយ។
អ្នកចូលរូបក្នុងពិធីមានច្រើននាក់ មានទាំងចាស់ ទាំងក្មេង ស្រីផង ប្រុសផង។ ក្នុងការរៀបគ្រឿងរណ្តាប់ម្ចាស់រូបត្រូវធ្វើដោយខ្លួនឯងតាមការពេញចិត្តរបស់គ្រូកំណើត ឈ្នួរ និងគ្រូសណ្ឋិតរូបដែលបានប្រាប់ពេលដែលទៅបូលឃើញ ឬកាលចូលរូបលើកមុន។ ចំពោះគ្រឿងរណ្តាប់ទាំងនោះមាន៖ ស្លាធម៌បញ្ច្រាសនិងបណ្តោយដែលធ្វើពីដើមនិងស្លឹកចេក ជម៤ ជមម្ចាស់រូប និងជមគ្រូកំណើតធ្វើពីផ្លែដូង ដើមខ្លែងគង់ ដើមចាមរី រូបស្វា រូបតាឥសី។ល។ បាយសីប៉ាកឆាម រួមទាំងសម្លៀកបំពាក់ គ្រឿងអលង្ការ សម្ភារៈផ្សេងៗទៀត និងគ្រឿងសំណែនផង។
គ្រឿងរណ្តាប់ទាំងអស់សុទ្ធតែសំខាន់ ចំណែកតន្ត្រីក៏រឹតតែសំខាន់ក្នុងពិធីដែរ ដែលត្រូវរៀបចំឱ្យត្រូវតាមចិត្តគ្រូកំណើតឬគ្រូសណ្ឋិត មានបទស្តេចយាង សំពៅថយ ប្រផាត បទប្រគំគ្រូ បទប្រជាប្រិយខ្មែរ និងបទសម័យទំនើបជាដើម។ បើតាមការរៀបរាប់របស់អ្នកស្រុកមួយចំនួនធំបានប្រាប់ថា ក្នុងការលៀងមេមត់នេះ វត្ថុបីដែលសំខាន់ជាងគេ គឺភ្លេង សម្លៀកបំពាក់ និងជម។ បើភ្លេង សម្លៀកបំពាក់ ជមមិនដូចអ្វីដែលគ្រូចង់បាន គ្រូក៏មិនចូលរូបអ្នកស្នងដែរ។ គ្រូនឹងធ្វើឱ្យរូបយំសោក ខឹង បោកកម្ទេចជមនិងគ្រឿងរណ្តាប់ដទៃទៀតគ្រវាត់ចោល ហើយធ្វើឱ្យម្ចាស់រូបនៅតែឈឺមិនជាស្រឡះពីជំងឺឡើយ។ ផ្ទុយទៅវិញបើគ្រូ ពេញចិត្ត គ្រូនឹងលើកថែថើប បាញ់ទឹកអប់ដល់វត្ថុទាំងនោះ យកទៅបង្អួតគ្រូធំសើចសប្បាយរីករាយ ហើយធ្វើឱ្យម្ចាស់រូបជាពីជំងឺសុខកាយសប្បាយចិត្ត។
អ៊ំស្រី គង់ ជាគ្រូធំ មានស្តេចស្វាចូលសណ្ឋិតហៅ «ព្រះរាជគ្រូ» មានធ្នូជាសម្ភារៈសំណព្វចិត្ត បានប្រាប់ថា មកដល់ពេលនេះអ៊ំស្រីមានគ្រូកាន់ជាង៩ឆ្នាំហើយ។ ដំបូងអ៊ំមិនជឿលើព្រះអង្គ គ្រូចូលរូបអីទេ រហូតដល់អ៊ំឈឺត្រដាបត្រដួសស្ទើរស្លាប់ រកពេទ្យបីបួនមើលមិនជាក៏នៅតែមិនជឿ ហើយគេប្រាប់ថាឱ្យកាន់រូប ក៏គាត់មិនខ្វល់។ ចុងក្រោយទាំងប្តី ទាំងកូនគាត់ក៏ឈឺទៀត ទើបគាត់សម្រេចចិត្តជឿ ហើយរៀបចំគិតគូរ និងប្រតិបត្តិតាមគ្រូចង់បាន ទើបជារូបជាអង្គដល់សព្វថ្ងៃ។ អ៊ំស្រីបន្តទៀតថា ដើមឡើយអ៊ំក្រណាស់ មានកូនដល់ទៅ៨នាក់ ផ្ទះខ្ទមរខេករខាក មានជំងឺមិនដាច់ តែតាំងពីជឿមក ធ្វើឱ្យជីវិតប្រែប្រួលខ្លាំង ប្តីក៏ឈប់ផឹកស្រា កូនចៅក៏សុខសប្បាយ ទោះមិនមានខ្លាំង តែមានផ្ទះសម្បែងសមរម្យពេញដោយសុភមង្គល។ អ៊ំស្រីមិនត្រឹមតែអ្នកចូលរូបទេ តែជាគ្រូព្យាបាលជំងឺឈឺក្បាលវិលមុខនិងដោះអំពើយ៉ាងពូកែស័ក្ដិសិទ្ធិទៀតផង មានអ្នកជិតអ្នកឆ្ងាយ ចូលមករកពឹងពាក់មិនដែលដាច់ថ្ងៃ។ ដូច្នេះហើយឱ្យតែដល់ខែមាឃ អ៊ំស្រីត្រូវលៀងមេមត់ម្តង ដោយមានកូនចៅមកចូលរួមចាប់ពី២០ទៅ៣០នាក់ជាង ដើម្បីឱ្យរូបឬគ្រូបានរាំលេងសប្បាយ។ ក្នុងពេលលៀងមេមត់នេះ ក៏មានអ្នកជំងឺមកមើលច្រើនដែរ ព្រោះជាថ្ងៃដែលគ្រូពូកែខ្លាំង។
បន្ថែមពីនោះ អ៊ំស្រីក៏រៀបរាប់ដោយអឹមអៀននិងអស់សំណើចថា ពេលចូលរូបអត់ខ្មាសទេ ឮតែភ្លេងពិណពាទ្យ គឺចង់តែរាំទ្រាំមិនបាន ទាំងតាមធម្មតាអ៊ំស្រីជាមនុស្សអៀនច្រើន សុភាព មិនចេះរាំរែកសូម្បីបន្តិច។ អ៊ំស្រីនឹងបន្តជំនឿនេះរហូត ព្រោះជំនឿនេះធ្វើឱ្យអ៊ំ គ្រួសារអ៊ំ និងស្រុកភូមិមានក្ដីសុខ ហើយមិនជឿដែរថាជំនឿនេះនឹងបាត់បង់ពីទឹកដីអង្គរដែរ ដោយសារមានកូនចៅច្រើនណាស់ចាំគោរពប្រតិបត្តិនិងជឿជាក់។ ចំណែកគ្រួសារគាត់ ពេលអត់ពីគាត់ទៅព្រះអង្គដែលកាន់រូបនឹងឱ្យកូនប្រុសពៅគាត់ស្នងបន្ត ព្រោះគេមានគ្រូកាន់តាំងពីកំណើតហើយបច្ចុប្បន្នកូនប្រុសគាត់ក៏ជាអ្នកព្យាបាលជំងឺឱ្យគេដ៏ពូកែម្នាក់ដែរ។
បងស្រី ជា អាយុ៤៥ឆ្នាំ អ្នកភូមិនគរក្រៅបានប្រាប់ថា មេមត់ពិតជាមានមែន ចំពោះគាត់និងអ្នកស្រុកនេះជឿលើមេមត់ណាស់ បើអ្នកមិនជឿ ក៏មិនដែលមានអ្នកណាហ៊ានប្រមាថមើលងាយដែរ តែអាចលេងសើចរាំរែកជាមួយមេមត់បាន។ គេលៀងមេមត់ដើម្បីឱ្យអ្នកស្នងរូបជាពីជំងឺផង ឱ្យឈ្នួរ និងគ្រូកំណើតបានរាំលេងសប្បាយផង។ រាល់ឆ្នាំគេតែងលៀងនៅទីនេះឱ្យតែដល់ខែមាឃ ហើយសប្បាយណាស់ អ្នកស្រុកក៏ជុំគ្នា គ្រូកំណើត ឈ្នួរ និងព្រលឹងដូនតាដែលក៏មកជុំគ្នាដែរ ហើយកូនចៅក៏អាចទាក់ទងសួរនាំនឹងព្រលឹងទាំងនោះបាន។
បងស្រីបញ្ជាក់ថា នៅពេលគ្រូចូល រូបនោះតែងដើររកសាច់ញាតិ រកគ្រឿងរណ្តាប់ បើរកមិនឃើញទេ គឺនៅតែដើររកពេញហ្នឹង។ មេមត់ស្រឡាញ់ជម សម្លៀកបំពាក់ និងភ្លេងណាស់ បើចូលបានរាំរែក គឺខ្លួនម្ចាស់នោះនឹងជាសះស្បើយ តែបើមិនចូលទេ ម្ចាស់រូបនោះនឹងនៅតែឈឺដដែល ហើយបើមេមត់ខុសជមវិញ គឺង៉ក់ខ្លាំងណាស់ ជួនកាលយំមួយយប់វាស់ព្រឹកក៏មាន ហើយបោកគ្រឿងរណ្តាប់ចោលអស់។ លើសពីនោះទៀត រូបមួយមានគ្រូ៣ទៅ៤នាក់ឯណោះ គ្រូមួយចេញ គ្រូមួយចូល ឯរូបខ្លះទៀត ក៏មិនមានគ្រូចូលដែរ ព្រោះរៀបចំឱ្យគ្រូមិនត្រូវ។
បងស្រី រ៉ុង រ៉ាត់ អាយុ៣០ឆ្នាំ បានប្រាប់ថា គាត់មានគ្រូកំណើតកាន់៣ឆ្នាំហើយ ហើយនេះក៏ជាឆ្នាំទី៣ដែរដែលគាត់មកលៀងមេមត់នឹងគេ។ មុននឹងគាត់ជឿរឿងនេះ គឺគាត់ឈឺជាខ្លាំងនៅអាយុ២៤ឆ្នាំ ទៅពេទ្យក៏មិនជា ក៏ទៅបូលមើលក៏ឃើញថាមានគ្រូកំណើតកាន់ ព្រោះគាត់មានសំណុំសង្វារតាំងពីតូច។ គាត់ក៏រៀបចំគ្រឿងរណ្តាប់ដែលគ្រូកំណើតត្រូវការ រួចមកចូលរូបនឹងគេ ដោយរៀបជមគ្រូកំណើត១ ស្លាធម៌១គូ និងតោក១ ហើយក៏ជារូបជាអង្គទៅ។ ពេលចូលគាត់ដឹងខ្លួនដែរ តែមិនអាចបញ្ជាខ្លួនឯងបាន ហើយហត់ណាស់ពេលចូលរូបរូច តែមានកម្លាំងនិងស្រឡះខ្លួន។
នៅចុងបញ្ចប់នៃពិធីលៀងមេមត់ គ្រូធំក៏រៀបចំពិធីបណ្តេញព្រាយ រើពិតានដើម្បីកុំឱ្យពួកសភាវៈអាក្រក់ចូលមកយាយី ហើយបើតាមការពិនិត្យសកម្មភាពជាក់ស្តែងនៅថ្ងៃចូលមេមត់ ក្រៅពីការជឿជាក់លើជំនឿនេះហើយ ប្រជាជនដែលនៅក្នុងតំបន់នេះមានការអបអរសាទរនឹងជំនឿនេះជាខ្លាំងទាំងចាស់ទាំងក្មេងមកមើលកកកុញ បន្ទរស្រែកហ៊ោតាមភ្លេង និងរាំលេងឌឺដងជាមួយរូបដែលរេរាំតាមចង្វាក់ភ្លេងមិនឈប់។ ការចូលរួម ភាពជឿជាក់ និងការឃើញរឿងហេតុអស្ចារ្យទាំងនេះហើយដែលធ្វើឱ្យពួកគាត់យល់ថា វត្ថុស័ក្ដិសិទ្ធិនិងបារមីនៅតែមានជីវិតរស់នៅលើដែនដីអង្គរ មិនសាបសូន្យទៅណា ទើបពេលឈឺជាអ្នកស្រុក អង្គរភាគច្រើនមិនដែលចោលការបន់ស្រន់ លៀងមេមត់ បូលរូប ទោះបីជាពួកគាត់ទៅពេទ្យដែរក៏ដោយ៕





No comments:

Post a Comment