ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនសាធារណជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ថា មីក្រូហិរញ្ញវត្ថុដែលផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋនោះ សុទ្ធតែជារបស់ឯកជន ពុំមែនជារបស់រដ្ឋឡើយ ដែលកន្លងមកប្រជាពលរដ្ឋមានការភ័ន្តច្រឡំថាពួកគាត់ជំពាក់ប្រាក់រដ្ឋ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា យោងតាមច្បាប់ ធនាគារជាតិនៃកម្ពុជា គ្មានសិទ្ធិឱ្យប្រជាពលរដ្ឋខ្ចីប្រាក់ឡើយ។
លោក ក៏បានក្រើនរំលឹកផងដែរថាកន្លងមក គណបក្សប្រឆាំង បានដើរសន្យាថានៅពេលគេឈ្នះឆ្នោត នឹងលុបបំណុលដែលប្រជាពលរដ្ឋជំពាក់ទាំងអស់ចោល ដែលប្រការនេះ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែជំពាក់បំណុលគេកើនឡើងរហូតដល់ត្រូវគេរឹបអូសផ្ទះសម្បែងជាដើម។ប្រមុខរាជរដ្ឋាភិបាល ក៏បានអះអាងថា បំណុលទាំងអស់នោះគឺពុំអាចលុបចោលបានឡើយ មិនដូចអ្វីដែលគណបក្សប្រឆាំងដើរឃោសនានោះទេ បើចង់លុបបំណុលចោល លុះត្រាតែរំលាយរបបរាជានិយមចោល លុបចោលប្រព័ន្ធច្បាប់ ធ្វើជាតូបនីយកម្ម ដែលប្រការនេះ នឹងធ្វើឱ្យសង្គមជាតិចលាចលធ្លាក់ចុះម្តងទៀតជាមិនខាន។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំខ្ចីបំណុលគេដើម្បីយកមកហ៊ឺហា ទិញឡាន ទិញម៉ូតូ ដែលនេះហើយជាបញ្ហាដែលជាគ្រោះមហន្តរាយមួយដល់គ្រួសារ៕
No comments:
Post a Comment