Wednesday, February 22, 2017

អ្នកនាំពាក្យបក្សកាន់អំណាច៖ តម្លៃដ៏មហាសាលនៃសន្តិភាព

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា បានបញ្ជាក់ជូនសាធារណជនធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយអំពី តម្លៃដ៏មហាសាលនៃសន្តិភាព។
លោក សុខ ឥសាន បានបញ្ជាក់ថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលប្រជាជនកម្ពុជា បានទទួលរងនូវការលំបាក វេទនា ខ្លោចផ្សារ វិនាសនិរាសព្រាត់ប្រាស់ រកទីបំផុតគ្មាន។ ប៉ុន្តែ ដោយការខិតខំតស៊ូ ពុះពារការលំបាកសព្វគ្រប់បែបយ៉ាង ហ៊ានលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជន របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ទើបស្វែង​​រកបាននូវសន្តិភាពមកជូនប្រទេសជាតិឡើងវិញ បើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមកអនុវត្ត​របបប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ធ្វើឱ្យសង្គមជាតិស្គាល់នូវការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងត្រូវបានបើកទូលាយ ប្រជាជនស្គាល់តែសេចក្តីសុខសប្បាយ សុខដុមរមនាក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិ មានក្តីសង្ឃឹមចំពោះអនាគតដ៏ភ្លឺស្វាងរបស់ខ្លួន ។
ផ្អែកលើមូលដ្ឋាន ដែលសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានយ៉ាងដូច្នេះ ប្រជាជនម្ពុជាទូទាំងប្រទេសប្តេជ្ញារួបរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងតរៀងរហូតទៅ  ដោយទប់ស្កាត់ និងកម្ទេចរាល់ឧបាយកលពិសពុល ដែលចង់បំផ្លាញសុខសន្តិភាពរបស់ប្រជាជននិង ប្រទេសជាតិ៕

No comments:

Post a Comment