Wednesday, February 22, 2017

(វីដេអូ) លោក ហ៊ុន សែន ចោទសួរទៅអាមេរិកថា តើមានបានគិតពីសិទ្ធិមនុស្សទេ នៅពេលទម្លាក់គ្រាប់បែកសម្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់?

បន្ទាប់ពីសហរដ្ឋអាមេរិក បាន​ចេញសេចក្តីថ្លែងការណ៍​លូកដៃជ្រៅ​ ដល់​កិច្ចការផ្ទៃក្នុងកម្ពុជា ជុំវិញវិសោធនកម្មស្តីពី​ច្បាប់គណបក្ស​​នយោបាយ​ ដោយយក​សិទ្ធិមនុស្សជាខែល កាលពីថ្ងៃទី២០ ខែកុម្ភៈ​ កន្លងទៅ ជាការឆ្លើយតប​​ នៅក្នុង​ពិធី​ចែកសញ្ញាប័ត្រ​​ដល់និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៧នេះ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ដាក់ជាសំនួរ​សួរទៅ​​សហរដ្ឋអាមេរិកថា «តើសហរដ្ឋអាមេរិក​មានដែលបានគិតពីសិទ្ធិមនុស្សទេ​ នៅពេល​ទម្លាក់គ្រាប់បែក​សម្លាប់​ប្រជាពលរដ្ឋខ្មែររាប់លាននាក់? តើ​សហរដ្ឋអាមេរិក​ធ្លាប់គិតពីបញ្ហាសិទ្ធិមនុស្សដែរឬទេពេលដែល ​គាំទ្រ លុន នុល ឱ្យទម្លាក់​សម្តេចព្រះនរោត្តម​សីហនុ នាំទៅរក​ការ​បំផ្លាញ​ប្រទេសកម្ពុជា ថែមទាំងនាំយកគ្រាប់បែកមកទម្លាក់​​នៅលើប្រទេសកម្ពុជា​ យ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំង​ក្រោយមកសហរដ្ឋអាមេរិក​បានគាំទ្រ ប៉ុល ពត ​​នៅអង្គការសហប្រជាជាតិ​ទៀត?»​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «ច្បាប់​នៅកម្ពុជា ដែលរដ្ឋសភាអនុម័ត មិនមែនជាច្បាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដូចដែលសហរដ្ឋអាមេរិកធ្លាប់​សម្លាប់​ប្រជាជនកម្ពុជាទេ»​។
លោកបានបន្ថែមថា «ក្នុងឋានៈជារដ្ឋអធិបតេយ្យ យើងគួរតែផ្តាំ​ផ្ញើទៅថា សូមអ្នកគោរពឯករាជ្យ អធិបតេយ្យភាព​ បូរណភាពទឹកដីរបស់កម្ពុជា​។ រឿងរ៉ាវរបស់អ្នកដែលទៅបំផ្លាញប្រទេសដទៃ មិនទាន់ចប់សប់គ្រប់ទេ​ អ្នកបំផ្លាញ​ប្រទេសរបស់ខ្ញុំ គ្រាប់បែកនៅសល់ច្រើនណាស់​ អ្នកមិនទាន់បានដោះស្រាយផង អ្នកទៅបំផ្លាញនៅ អ៊ីរ៉ាក់ លីប៊ី ស៊ីរី បន្តទៀត តើអ្នកមានឃើញសោកនាដកម្មនៅទីនោះទេ? ឬអ្នកចង់បង្កើត​សោកនាដកម្មនៅទីនេះសារជាថ្មី?»៕

No comments:

Post a Comment