Wednesday, February 22, 2017

លោក ស៊ុយ សែម ៖ បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជំរុញដល់ភាគីពាក់ព័ន្ធ ចុះកិច្ចព្រមព្រៀងអាជីវកម្មប្រេងកាតនៅ Block A ដែលបានឈានមកដល់ដំណាក់កាលចុងក្រោយ ហើយរំពឹងថា នឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ ក្នុងពេលឆាប់ៗនេះ។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ស៊ុយ សែម បាន «ជំរុញការចរចាកិច្ចព្រមព្រៀងអាជីវកម្មប្រេងកាតនៅ Block A ដែលបានឈានមកដល់ដំណាក់កាលចុងក្រោយ ហើយយើងរំពឹងថា និងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ ក្នុងពេលឆាប់ៗនេះ»។
លោកបានបន្តថា ក្រសួងបានខិតខំរៀបចំបំពេញបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីជាគ្រឹះក្នុងការគ្រប់គ្រងវិស័យរ៉ែ និងថាមពល ដូចជា អនុក្រឹត្យស្ដីពីការគ្រប់គ្រងអាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ, អនុក្រឹត្យស្ដីពីការគ្រប់គ្រងការនាំចេញផលិតផលរ៉ែ ប្រកាសអន្តរក្រសួងពីការកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា និងសេចក្ដីព្រាងគោលនយោបាយ សេចក្ដីព្រាងច្បាប់-អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត។
លោកបានបន្ថែមថា «វិស័យប្រេងកាត យើងបានជំរុញឱ្យមានការបង់សងនូវបំណុលប្រាក់រង្វាន់ហត្ថលេខាពីក្រុមហ៊ុន RPL Area IV បានចំនួនទឹកប្រាក់ ៥លានដុល្លារ និងបានបញ្ចប់កិច្ចព្រមព្រៀងប្រេងកាតប្លុក D ផងដែរហើយ ក៏បានអនុវត្តយន្តការទទួលព័ត៌មាន និងបណ្ដឹងតវ៉ាពាក់ព័ន្ធទៅនឹងបទល្មើសអាជីវកម្មរ៉ែខុសច្បាប់ និងយុទ្ធនាការអធិការកិច្ចរបស់ក្រុមការងារ អធិការកិច្ចក្រសួងទាំង ៣ក្រុម»។
ក្រសួងបានធ្វើការកែទម្រង់នីតិវិធីនៃការប្រមូលចំណូល រៀបចំអត្រាសួយសារថ្មី ព្រមទាំងបន្ថែមនូវមូលនិធិធនធានរ៉ែ សម្រាប់បម្រើការងារបណ្ដុះបណ្ដាល និងការអភិវឌ្ឍមូលដ្ឋាន ដែលធ្វើឱ្យចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ មានកំណើនគួរជាទីមោទនៈ ហើយក៏បានរៀបចំឱ្យមានចំណូលសេវាសាធារណៈពីវិស័យប្រេងកាត និងវិស័យថាមពលបន្ថែមទៀតផងដែរ។
ក្រសួងបានដាក់ឱ្យដំណើរការនូវសមិទ្ធផលធំៗមួយចំនួនទៀត ដូចជា ខ្សែបណ្ដាញបញ្ជូនថាមពលអគ្គិសនី ១១៥គីឡូវ៉ុល តភ្ជាប់ពីភ្នំពេញ-ស្វាយរៀង-ក្រុងបាវិត ដាក់ឱ្យដំណើរការបន្ថែម ស្ថានីយអគ្គិសនីដុតធ្យូងថ្មទំហំ ១៣៥មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ ស្ថានីយវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែង បានសម្រេចការសាងសង់ ជាង៨៨.២៥ភាគរយ ហើយនឹងដាក់ឱ្យដំណើរការទួប៊ីនទី១ នៅចុងឆ្នាំ២០១៧នេះ។
រោងចក្រស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង នៅខេត្តកំពតបានចាប់ផ្ដើមដំណើរការផលិតកម្ម ស៊ីម៉ង់ត៍ HUA-XING និងរោងចក្រស៊ីម៉ង់ធំៗ ២ ទៀតកំពុងដំណើរការសាង់សងដែលមួយនៅខេត្តកំពត និងមួយទៀតនៅខេត្តបាត់ដំបង ដែលគ្រោងនិងចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៨ ។
មកទល់ពេលនេះក្រសួង បានរៀបចំផ្គត់ផ្គង់អគារការិយាល័យថ្មី ដល់មន្ទីររ៉ែ និងថាមពល បានចំនួន១០មន្ទីរ ក្នុងនោះ ៥មន្ទីរបានសាងសង់រួចរាល់ ៥មន្ទីរទៀតនឹងចាប់ផ្ដើមការសាងសង់ក្នុងឆ្នាំ ២០១៧នេះ ហើយយើងកំពុងដាក់សំណើសុំថវិកា ដើម្បីធ្វើការសាងសង់អគារការិយាល័យជូនមន្ទីរ ដែលនៅសេសសល់ចំនួន ៥មន្ទីរទៀត ក្នុងឆ្នាំថ្មីនេះ។
បានរៀបចំទីតាំងការិយាល័យសម្រាប់អគ្គនាយកដ្ឋានធនធានរ៉ែ និងអគ្គនាយកដ្ឋានកិច្ចការទូទៅ នៅទីស្ដីការក្រសួង។ បានបំពេញបន្ថែមចំនួនក្របខណ្ឌមន្ត្រីបានចំនួន ៣៤រូប និងក្របខណ្ឌពិសេសមន្ត្រីរ៉ែ ចំនួន ៨រូបថែមទៀត។
ក្រសួងបានបន្តការងារសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍនានា ជាក់ស្ដែងយើងបានទទួលគម្រោងជំនួយឥតសំណងពីរដ្ឋាភិបាលចិន ដើម្បីរៀបចំសាងសង់អគារពិសោធន៍រ៉ែ ដែលនឹងចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំ ២០១៧ នេះ។
ទន្ទឹមនេះក្រសួងក៏បានបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គការសង្គមស៊ីវិលផ្សេងៗទៀតផងដែល នៅក្នុងឆ្នាំ ២០១៦ ក្រសួងបានដំណើរការទំព័រទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួង និងបានរៀបចំវេទិកាសាធារណៈ សន្និសីទសារព័ត៌មាន ជាច្រើនលើកផងដែរ៕



No comments:

Post a Comment