Wednesday, February 22, 2017

រដ្ឋម​ន្ត្រី​ក្រសួង​មហាផ្ទៃ ជំរុញ​ឱ្យមន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ប្តេ​ជ្ញាចិត្តដោះស្រាយ​បញ្ហាប្រឈម​នានា និងរួមគ្នា​លើកទិស​ដៅស​ម្រាប់បន្ត​អនុវត្តក្នុង​ឆ្នាំ២០១៧

ភ្នំពេញ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ប្តេជ្ញាចិត្តដោះស្រាយបញ្ហាប្រឈមនានា និងរួមគ្នាលើកទិសដៅសម្រាប់បន្តអនុវត្ត ក្នុងឆ្នាំ២០១៧ ដើម្បីឱ្យទទួលបានសមិទ្ធផលកាន់តែល្អប្រសើរថែមទៀត រួមចំណែកអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាល់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់លោក ស ខេង ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នៅទីស្តីក្រសួង នៅថ្ងៃទី ២២ កុម្ភៈ ២០១៧នេះ។ សន្និបាតនេះរៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ ២៤ កុម្ភៈ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃ ទាំងនគរបាលជាតិ រដ្ឋបាលស៊ីវិល អនុរក្សពន្ធនាគារ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានីខេត្ត ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានាជាច្រើននាក់។
សូមជម្រាបផងដែរថា កម្មវិធីនេះធ្វើឡើងដើម្បីរួមគ្នាធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមក្នុងឆ្នាំ២០១៦ និងកំណត់ទិសដៅសម្រាប់អនុវត្តនៅឆ្នាំ២០១៧ លើការងារស្ថិតក្រោមដែនសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ « ភូមិ ឃុំ មានសុវត្ថិភាព » និងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ។
លោក ស ខេង បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះ មន្ត្រីក្រោមឱវាទ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានប្តេជ្ញាចិត្ត ចូលរួមផ្តល់កិច្ចសហការជួយគាំទ្រយ៉ាងសកម្ម ធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលនានាជាច្រើនលើកិច្ចការសំខាន់ៗ ទាំង៣ ដែលជារបៀបវារៈនៃសន្និបាតនាពេលនេះ។ លោកក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលក្រសួងមហាផ្ទៃសម្រេចកាលពីឆ្នាំ២០១៦ ផងដែរ រួមមានដូចជា កិច្ចការដែលនៅតែបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមទាំងមូល ជាហេតុបង្កភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការជំរុញអនុវត្តគោលយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» និងការគោរពច្បាប់នានា ជាក់ស្តែងនៅឆ្នាំ២០១៦ មានការរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ ធ្វើឱ្យចំនួនអ្នកស្លាប់ និងរបួសក្នុងគ្រោះថ្នាក់ចរាចរបានធ្លាក់ចុះច្រើន ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ ដោយមានការបង្កើនការគ្រប់គ្រងជនបរទេស ព្រមទាំងការងារផ្តល់អត្តសញ្ញាណកម្ម ដោយបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រេចបាន៨៦% នៃផែនការ ជាពិសេសត្រៀមសម្រាប់ការបោះឆ្នោត ក្រៅពីនេះ នៅមានសមិទ្ធផលសំខាន់ៗមួយចំនួនទៀត ដែលក្រសួងមហាផ្ទៃសម្រេចបានក្នុងឆ្នាំ២០១៦ដែរ ដូចជាការពង្រឹងស្ថាប័ន និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាដើម៕



No comments:

Post a Comment