Wednesday, February 22, 2017

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មទទួលគណៈប្រតិភូ ១៤រូប មកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តំណាងឱ្យក្រុមហ៊ុនជាង ៥០០ របស់អាមេរិកទូទាំងសកលលោក

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលគណៈប្រតិភូចំនួន ១៤រូប មកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តំណាងឲ្យក្រុមហ៊ុនជាង ៥០០ របស់អាមេរិកទូទាំងសកលលោក ដើម្បីពិភាក្សាអំពីកិច្ចសហការទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំភាគីទាំងពីរបានផ្លាស់ប្តូរការគួរសម និងបានបន្តពិភាក្សាអំពីផែនការនៃកិច្ចសហការ។
តំណាងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានជម្រាបជូនអង្គប្រជុំថា ពួកគេមានបំណងជួយកសាង កិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងកម្ពុជា និងអាមេរិក និងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃឡង់ដ៍។
ជាការឆ្លើយតប លោក ឱក ប៊ុង បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។
លោកក៏បានគូសបញ្ជាក់អំពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា និងកំណែទម្រង់រដ្ឋបាលស៊ីជម្រៅ ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។ លើសពីនេះ លោកក៏បានជម្រាបជូនភាគីអាមេរិកអំពីសមិទ្ធផលរបស់ក្រសួងពាណិជ្ជកម្ម លើផ្នែកប្រព័ន្ធស្វ័យប្រវត្តិកម្ម កិច្ចសម្រួលពាណិជ្ជកម្ម និងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដែលមានគោលបំណងលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងប្រតិភូតំណាងក្រុមហ៊ុន Elanco Ford Microsoft MasterCard Coca-Cola និង Visa បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម។ ពួកគេបានចោទជាសំណួរមួយចំនួនទាក់ទងទៅនឹងការគ្រប់គ្រងតម្លៃប្រេងច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច ការគ្រប់គ្រងស្តង់ដារទំនិញ និងផលិតផលក្លែងក្លាយ និងការនាំចូលផលិតផលកូកាកូឡាពីប្រទេសថៃ ហើយបញ្ហាទាំងអស់នេះ ត្រូវបានឆ្លើយបកស្រាយយ៉ាងក្បោះក្បាយពីក្រសួង៕



No comments:

Post a Comment