Wednesday, February 22, 2017

កាកបាទក្រហមកម្ពុជា បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ

នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានលោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ដោយមានការអញ្ជើញចូលរួមពី មន្ត្រី-បុគ្គលិកកាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល សាខាខេត្តកណ្តាល និងអនុសាខាស្រុកលើកដែក ព្រមទាំង អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ស្ត្រីមានផ្ទៃពោះ និងមានកូនតូច សរុបប្រមាណ ២១០នាក់ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនស្ត្រីទាំងអស់ដែលបានចូលរួមនាឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកស្រី កិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងអានសារលិខិតទាំងស្រុងរបស់លោកស្រីប្រធាន ដោយគូសបញ្ជាក់ពីអនុសាសន៍សំខាន់បីគឺ ៖
១/ សូមឱ្យស្ត្រីមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះតាមកាលកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំទាំងអស់ឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។
២/ សូមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ ពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាពដើម្បីកាត់បន្ថយការស្លាប់របស់មាតា ការស្លាប់របស់ទារកក្នុងផ្ទៃ ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារក្រោមអាយុ៥ឆ្នាំ ឱ្យបានសម្រេចតាមគោលដៅដែលបានកំណត់ទុក។
៣/ សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
ក្នុងឱកាសនោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ១៨១នាក់ ក្នុងម្នាក់ៗទទួលបានអំណោយមនុស្សធម៌ ៖ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០.០០០រៀល (មួយម៉ឺនរៀល)៕



No comments:

Post a Comment