Wednesday, February 22, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថាមីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋនោះទេ

(ភ្នំពេញ)៖  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មីក្រូហិរញ្ញវត្ថុទាំងអស់ មិនមែនជា​របស់រដ្ឋទេ គឺជារបស់ឯកជន។ លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាក​លវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន ១,៤៣១នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនសាធារណជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ថា មីក្រូហិរញ្ញវត្ថុដែលផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋនោះ សុទ្ធតែជារបស់ឯកជន ពុំមែ​នជា​របស់រដ្ឋឡើយ ដែលកន្លងមកប្រជាពលរដ្ឋមានការភ័ន្តច្រឡំថាពួកគាត់ជំពាក់ប្រាក់រដ្ឋ។​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា យោងតាមច្បាប់ ធនាគារជាតិនៃកម្ពុជា គ្មានសិទ្ធិ​ឱ្យប្រជាពលរដ្ឋខ្ចីប្រាក់ឡើយ។ លោក ក៏បានក្រើនរំលឹកផងដែរថាកន្លងមក គណ​បក្ស​ប្រឆាំ​ង បានដើរសន្យាថានៅពេលគេឈ្នះឆ្នោត នឹងលុបបំណុល​ដែលប្រជាពលរដ្ឋ​ជំពាក់​ទាំង​អស់​ចោល ដែលប្រការនេះ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែជំពាក់បំណុលគេកើនឡើង​រហូត​ដល់​​ត្រូវ​គេរឹបអូសផ្ទះសម្បែងជាដើម។
ប្រមុខរាជរដ្ឋាភិបាល ក៏បានអះអាងថា បំណុលទាំងអស់នោះគឺពុំអាចលុបចោលបានឡើយ មិន​ដូចអ្វីដែលគណបក្សប្រឆាំងដើរឃោសនានោះទេ បើចង់លុបបំណុលចោល លុះត្រា​តែ​រំ​លាយ​របបរាជានិយមចោល លុបចោលប្រព័ន្ធច្បាប់ ធ្វើជាតូបនីយកម្ម ដែលប្រការនេះ នឹង​ធ្វើ​ឱ្យ​សង្គមជាតិចលាចលធ្លាក់ចុះម្តងទៀតជាមិនខាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំខ្ចីបំណុល​គេ​ដើ​ម្បី​​យកមកហ៊ឺហា ទិញឡាន ទិញម៉ូតូ ដែលនេះហើយជាបញ្ហាដែល​ជាគ្រោះ​មហន្តរាយមួយ​ដល់​គ្រួសារ៕

No comments:

Post a Comment