Monday, February 12, 2018

មន្រ្តីអង្គការ​សហប្រជាជាតិ​បានព្រមានថា​ វិបត្តិនៅប្រទេស​ Maldives ​អាចកាន់តែ​អាក្រក់ទៅៗ​

​​​​​​​​​​​​​​​​​​​​​​​មន្រ្តី​ជាន់​ខ្ពស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​បាន​ព្រ​មាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ថា ស្ថាន​ភាព​នៅ​ក្នុង​ប្រ​ទេស​ Maldives ជា​ទី​កន្លែង​ដែល​ប្រ​ធា​នា​ធិប​តី​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​អាច​នឹង​កាន់​យ៉ាប់​យ៉ឺន​ថែម​ទៀត។

ស្ថាប័ន​កំពូល​អង្គ​ការ​សហ​ប្រ​​ជាជាតិ​បាន​ជួប​ប្រ​ជុំ​មិន​ផ្សាយ​ជា​សាធា​រណៈ ដើម្បី​ពិ​ភាក្សា​គ្នាពី​វិ​បត្តិ​ដែលបង្ក​ឡើង​ដោយសេចក្តី​សម្រេច​របស់​ប្រ​ធា​នា​ធិប​តី Abdulla Yameen ឱ្យ​ចាប់​ខ្លួនចៅ​ក្រមមួយ​ចំនួន​ដែល​បាន​បញ្ជា​ឱ្យ​ដោះ​លែង​គូ​ប្រ​ជែង​នយោ​បាយ​របស់​គាត់។

បើ​យោង​តាម​ប្រ​ភព​ព័ត៌​មាន​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​បាន​ឱ្យ​ដឹង​ថា ជំនួយ​ការ​អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រ​ជាជាតិ​ គឺ​លោក Miroslav Jenca បាន​ប្រាប់​ស្ថាប័ន​កំពូល​អង្គ​ការ​សហ​ប្រ​ជា​ជាតិថា ខណៈ​ដែល​ពុំ​មាន​របាយ​ការ​ណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នោះ ស្ថាន​ភាព​នៅ​ក្នុង​ប្រ​ទេស Maldives មានភាព​តាន​តឹង​ និង​អាច​កាន់​តែ​យ៉ាប់​យ៉ឺន​ថែ​ម​ទៀត។

នេះ​គឺ​ជា​លើក​ទី​១ ហើយ​ ដែល​ក្រុម​ប្រឹក្សា​សន្តិ​សុខ​បាន​ពិភាក្សាគ្នា​ពី​វិបត្តិ​នេះ​ ចាប់​តាំង​ពី​វា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ប៉ុន្តែ​ពុំ​មាន​សេចក្តី​ថ្លែង​ការ​ណ៍​ចេញ​ផ្សាយ​ទេ បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​រួច​មក។

វិបត្តិនេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​សេចក្តី​សម្រេច​ចិត្តដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​របស់​តុ​លាការ​កំពូល ដែល​បាន​ដោះ​លែង​អតី​ត​ប្រ​ធា​នា​ធិប​តី​ និង​មេ​ដឹក​នាំ​បក្ស​ប្រ​ឆាំង​ លោក Mohamed Nasheed និង​អ្នក​ទោស​នយោ​បាយ​៨ ទៀត​ចេញ​ពី​ពន្ធ​នា​គារ។​

លោក Nasheed បាន​និរ​ទេស​ខ្លួន​ទៅ​ក្រៅ​ប្រ​ទេស​ បន្ទាប់​ពី​ចេញ​ដំណើរ​ពីពន្ធ​នាគារ​នៅ​លើ​​កោះ​នេះ។

អស់​រយៈ​៤ ថ្ងៃ បន្ទាប់​ពី​ដី​ការ​របស់​តុ​លា​ការ លោក Yameen បាន​ប្រ​កាស​ដាក់​រដ្ឋ​ក្នុង​គ្រា​​អាសន្ន​ និង​បាន​បញ្ជាឱ្យ​​​កង​កម្លាំង​សន្តិ​សុខ​របស់​គាត់​ទៅ​កាន់​តុ​លាការ​ដើម្បី​ចាប់​ខ្លួន​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌។

អគ្គ​លេ​ខា​ធិ​ការ​អង្គ​ការ​សហ​ប្រ​ជាជាតិ លោក Antonio Guterres បាន​ទាម​ទារ​ឱ្យ​លោក Yameen ឈប់​ការ​ដាក់​បម្រាម​ប្រ​ទេស​ក្នុង​គ្រា​អាសន្ន​ ខណៈ​ដែល​ប្រ​ធាន​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ លោក Zeid Ra’ad Al Hussein បាន​រៀប​រាប់​ពី​សកម្ម​ភាព​របស់​លោក Yameen ថា គឺ​ជា​ការ​វាយ​ប្រ​ហារ​ទាំង​ស្រុង​ទៅ​លើ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ។

លោក Jenca កាល​ពី​សប្តាហ៍​នេះ​បាន​និយាយ​តាម​ទូរ​សព្ទ​ជា​មួយ​នឹង​រដ្ឋ​មន្រ្តី​ការ​បរ​ទេស Maldives និង​បាន​ស្នើ​ឱ្យ​គាត់​ដោះ​លែង​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ជា​បន្ទាន់។

លោក Jenca បាន​និយាយ​ថា រដ្ឋា​ភិបាល​ត្រូវ​តែ​ដោះ​ស្រាយ​វិ​បត្តិ​នយោ​បាយ​តាម​រយៈ​ការ​ចរ​ចា​ជា​មួយ​នឹង​គ្រប់​ភាគី​ទាំង​អស់​ និង​ផ្តល់​ឱ្យ​មាន​ជំនួយ​ពី​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ដើម្បី​សម្រប​សម្រួល​នូវ​កិច្ច​ពិ​ភាក្សា​ទាំង​នោះ​។

កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ លោក Jenca បាន​បដិ​សេធក្នុង​ការ​ជួប​ជា​មួយ​នឹងបណ្តា​​អ្នក​ការ​ទូតមក​ពី​សហ​ភាព​អឺរ៉ុប ​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស។​

រដ្ឋា​ភិ​បាល​សឹង្ហ​បូរី​កាល​ពី​ដើម​សប្តាហ៍​នេះ​ បានចេញ​សេចក្តី​ណែ​នាំ​អំពី​ការ​ធ្វើ​ដំណើរ​ ដោយ​ជំរុញ​ឱ្យ​ជន​ជាតិ​សឹង្ហ​បូរី​ជៀស​​វាង​នូវ​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំ​បាច់​ទៅ​កាន់​ប្រ​ទេស Maldives។

បណ្តា​រដ្ឋា​ភិបាល​ប្រ​ទេស​លោក​ខាង​លិច​ ព្រម​ជា​មួយ​នឹង​ប្រ​ទេស​ជិត​ខាង​ដូច​ជា​ ឥណ្ឌា និង​ចិន​ បាន​ស្នើ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​របស់​ខ្លួន​កុំ​​ឱ្យ​ទៅ​កាន់​ប្រ​ទេស Maldives ប៉ុន្តែ​អាច​ទៅ​កាន់​តំបន់​ទាក់​ទាញ​ផ្សេងៗ​បាន៕

ប្រភព: AFP ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨


No comments:

Post a Comment