Monday, February 12, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដោយបានដោះស្រាយបញ្ហាប្រឈមជាច្រើន

នៅព្រឹកថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០​១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំបូកស​រុបលទ្ធផលការងារឆ្នាំ២០១៧និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើ​ម្បីស្ត្រីដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះរៀបចំឡើងដោយក្រសួងកិច្ចការនារីដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំដែលជាស្ត្រីទូទាំងប្រទេសនិងបណ្តាដៃគូភាគីពាក់ព័ន្ធនានាដើម្បីតាមដាននិងត្រួតពិនិត្យរាល់សកម្មភាពការងារនិងការអនុវត្តន៍នូវរាល់អនុសាសន៍លើការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទីពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវក្តីរីករាយចំពោះកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹ​ក្សាជាតិកម្ពុជាដើម្បីស្ត្រីនេះដើម្បីធ្វើយ៉ាងណាជំរុញការងារស្ត្រីឱ្យកាន់តែវិវឌ្ឍន៍ទៅមុខទៀត។ តាមរយៈភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទសកម្ពុជា ក៏បានរួមចំណែកជួយបង្កើនការងារដល់ស្ត្រីផងដែរ ជាពិសេស បច្ចុប្បន្ននេះ តាមក្រសួងស្ថាប័ននីមួយៗក៏ឃើញមានស្ត្រីបម្រើការ​ងារច្រើនណាស់ដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមហើយគោលនយោបាយនេះក៏បានជួយដល់ជីវភាពបងប្អូនស្រ្តីផងដែរ ជាពិសេសគោលនយោបាយគាំពារសង្គមបានអនុវត្តន៍មុនគេចំពោះស្ត្រីដែលមានផ្ទៃពោះ ជាពិសេសកម្មការិនី ដែលបម្រើការងារតាមបណ្តារោងចក្រនានា។ គោលនយោបាយនេះ ពិតជាមានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្ល ដូចជាបានទទួ​លការពិនិត្យថែទាំសុខភាពតាមមន្ទីរពេទ្យរដ្ឋ ទទួលបានសាច់ប្រាក់ពេលឆ្លងទន្លេ ការទទួ​លបានឈប់សម្រាកចំនួន៣ខែ ក្នុងអំឡុងពេលឆ្លងទន្លេ ដោយទទួលបានប្រាក់ខែ ១២០% រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។ គិតចាប់ពីខែមករាមកមានស្ត្រីដែលកម្មការិនីឆ្លងទន្លេប្រមា​ណជាង ៥៦០០ នាក់ ហើយទទួលបានប្រាក់ពីគោលនយោបាយនេះផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បច្ចុប្បន្នចំនួនសិស្សស្រីក៏មានចំនួនកើនឡើងផងដែរក្នុងវិស័យអប់រំ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលនយោបាយបង្កើតសា​លារៀនឱ្យនៅជិតផ្ទះប្រជាពលរដ្ឋផងដែរ ជាពិសេសបាន កំណត់ថាឃុំមួយឱ្យមានវិទ្យាល័យមួយដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់កូនចៅប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ ជាពិសេសសិស្សស្រីនៅតាមជនបទតែម្តង ហើយក្រៅពីការផ្តល់ជូននូវការសាងសង់សាលារៀននោះយើងក៏មានការសាងសង់នូវអគារស្នាក់នៅរបស់គ្រូនិងសិ​ស្សផងដែរដើម្បីឱ្យមានភាពងាយស្រួលដល់សិស្ស និងគ្រូដែលជានារីទៀតផង។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បន្តអនុវត្តការងារចំនួន១១ចំណុច ដែលបានដាក់ចេញកាលពីឆ្នាំទៅក្នុងការអនុវត្តន៍ការ​ងារក្នុងឆ្នាំថ្មីបន្តទៀត។ លោកក៏បានជំរុញឱ្យបុរសទាំងអស់ ក៏ត្រូវចូលរួមចំណែកជួយដល់កិច្ចការស្រី្តខ្លះផងដែរជាពិសេសលោកចង់ឱ្យយកទិវា ៨មីនា ដែលជាទិវាសិទ្ធិនារីនោះ គឺជាថ្ងៃដែលត្រូវតែធ្វើការអប់រំចំពោះបុរសផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀតដើម្បីងាយស្រួលក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ននេះ ពីព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្ន គឺត្រូវការប្រើប្រាស់បច្ចេកវិទ្យា។ លោកក៏បានជំរុញឱ្យសិស្សស្រី ចូលរួមក្នុងវិស័យអប់រំបន្ថែមទៀត ជាពិសេសក្រសួងអប់រំត្រូវបង្កើតគណៈកម្មការរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីធ្វើការស្រាវជ្រាវរកហេតុផលពីការឈប់រៀនរបស់សិស្សស្រី ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំឱ្យក្រសួងសុខាភិបាល ធ្វើកោសល្យវិច្ច័យក្នុងករណីរំលោភ ពីព្រោះពេលខ្លះការធ្វើកោសល្យវិច្ច័យយឺតពេកធ្វើឱ្យបាត់ពាក្យបណ្តឹងសម្រាប់ស្ត្រីរងគ្រោះ។ ទន្ទឹមនឹងនេះ លោកក៏បានសម្រេចបង្កើនថវិកា ពី២០០ លានរៀល ទៅ៥០០លានរៀល សម្រាប់ជួយដោះស្រាយសេវាផ្លូវច្បាប់ដល់ស្ត្រីដែលរងគ្រោះដោយការរំលោភបំ​ពានផ្សេងៗ។ ទាក់ទងទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យមានការបង្កើតជាមជ្ឈមណ្ឌលឬកន្លែងសម្រាប់ជួយដោះស្រាយ និងជួយសង្គ្រោះដល់ជនរងគ្រោះនៅតាមមន្ទីរពេទ្យនីមួយៗតែម្តងដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់មួយផងដែរដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើនដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍសមត្ថភាពរបស់ស្ត្រីជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គមបន្ថែមទៀត៕










No comments:

Post a Comment