Monday, February 12, 2018

លិខិតចៅចាក់ស្មុក៖ ទំនួញថ្ងូរខ្មោចបក្សសង្គ្រោះជាតិ!

រហូតមកទល់ពេលនេះ ព្រលឹងខ្មោចបក្សសង្គ្រោះជាតិ មិនទាន់ទៅចាប់ជាតិនៅឡើយទេ ទោះបីជា សម រង្ស៊ី ព្យាយាមអន្ទងយកទៅប្រស់ឱ្យរស់ឡើងវិញតាមរយៈការបង្កើតចលនាឧទ្ទាមខុសច្បាប់យ៉ាងណាក៏ដោយ។ ព្រលឹងខ្មោចបក្សនេះតែងតែស្រែកថ្ងូរ យំស្រែក ហើយថ្ងៃនេះ បានចេញមកលងប្រជាជនកម្ពុជា ទាំងថ្ងៃ ដោយកើតទុក្ខមិនសុខចិត្តនឹងការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ ទោះបីជាខំប្រឹងស្រែកយ៉ាងណា ក៏គ្មានបានផលអ្វីដែរព្រោះអ្វីៗបានហួសទៅហើយសម្រាប់ខ្មោចបក្សនេះ ប៉ុន្តែការចេញមកទួញសោកដោយយកឈ្មោះគណបក្សនេះមកប្រើនឹងអាចត្រូវរងនូវទោសទណ្ឌបន្ថែមទៀតព្រោះថាច្បាប់ស្តីពីគណបក្សនយោបាយ មិនអនុញ្ញាតឱ្យជនណាម្នាក់យកឈ្មោះ ក៏ដូចជារចនាសម្ព័ន្ធគណបក្សដែលត្រូវបានរំលាយរួចហើយទៅប្រើប្រាស់ឡើយ។

នៅពេលនេះ គ្មានទៀតទេ គណបក្សសង្គ្រោះជាតិ ព្រោះបក្សនេះត្រូវបានរំលាយចោលក្រោ​យពីតុលាការកំពូលរកឃើញថាបានរំលោភបំពានលើច្បាប់ស្តីពីគណបក្សនយោបាយទទួលបញ្ជាពីបរទេស ហើយសមាជិកនៃគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាលនៃបក្សនេះចំនួន ១១៨ នាក់ ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោ បាយរយៈពេល ៥ ឆ្នាំដែរ។ គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីហើយដែរ។ ដូច្នេះ សំឡេងទួញសោកបោកខ្លួនរបស់ព្រលឹងសពបក្សសង្គ្រោះជាតិនេះគ្រាន់តែជាសំឡេងខ្មោច ដែលគ្មានការចាប់អារម្មណ៍ និងគ្មានឥទ្ធិពលអ្វីទាំងអស់ ព្រោះខ្លួនគ្មានសិទ្ធិ និងគ្មានវត្តមានទៀតឡើយ ព្រោះខ្លួនបានស្លាប់បាត់ទៅហើយតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយព្រលឹង និងសពបក្សសង្គ្រោះជាតិនេះក៏ត្រូវបាន សម រង្ស៊ី កម្ទេចចោលកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៨ បន្ទាប់ពីបង្កើតចលនាសង្គ្រោះជាតិខុសច្បាប់។

​សូមកុំបន្ទោសនរណាផ្សេងក្រៅពីខ្លួនឯងព្រោះស្ថានភាពបច្ចុប្បន្ន បក្សសង្គ្រោះជាតិត្រូវបានរំលាយ និងត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ សមាជិករបស់ខ្លួន ត្រូវបាត់បង់សិទ្ធិធ្វើនយោបាយ ក៏ដោយសារតែប្រព្រឹត្តកំហុសផ្នែកយុទ្ធសាស្ត្រនយោបាយ ការរំលោភច្បាប់ដ៏ធ្ងន់ធ្ងរ ក្បត់ជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជនដែលទាំងសម រង្ស៊ី និងកឹម សុខា បានធ្វើចំពោះជាតិ និងប្រជាជនកម្ពុជា។ ពួកគេបានក្បត់កម្ពុជាដោយប៉ងបំ​ផ្លា​ញជាតិតាមរយៈបដិវត្តន៍ពណ៌ និងឡើងកាន់អំណាច តាមរូបភាពមិនប្រជាធិបតេយ្យ។ កម្ពុជាពិតជាមានសំណាងដែលបានដឹងឧបាយកលដ៏ស្មោគគ្រោករបស់អ្នកនយោបាយនៃក្រុមប្រ​ឆាំងនេះ ហើយប្រជាជនកម្ពុជាពិតជាមានភ័ព្វវាសនាខ្ពស់ដែលមានរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានចាត់វិធានការបង្ក្រាប និងកម្ទេចអង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌នេះបានទាន់ពេលវេលា។

កម្ពុជាគ្មានជំងឺតួឯក ហើយក៏គ្មានបក្សណាមានជំងឺតួឯកទេ ព្រោះបក្សសង្គ្រោះជាតិដែលមានជំងឺតួឯកបានស្លាប់បាត់ទៅហើយ ហើយក្តារមឈូសបក្សសង្គ្រោះជាតិក៏ត្រូវបានវាយដែកគោ​លបិទភ្ជិតយ៉ាងរឹងមាំបន្ថែមទៀត ហើយក៏គ្មានក្តីសង្ឃឹមនឹងរស់ឡើងវិញឡើយ។ សូមកុំបន្តក្តីសង្ឃឹមក្នុងភាពអស់សង្ឃឹមបន្តទៀតអី និងសូមកុំព្យាយាមសម្តែងឫកតួឯកទៀតព្រោះឃើញច្បាស់ហើយ បើទោះបីជាគ្មានគណបក្សសង្គ្រោះជាតិ ក៏ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាបានដំណើរការយ៉ាងល្អដោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអា​ណត្តិទី៤នេះមានគណបក្សជាច្រើនចូលរួមប្រកួតប្រជែងដណ្តើមអាសនៈនៅតាមភូមិភាគនីមួយៗ ហើយនៅពេលនេះជាអំឡុងពេលនៃការឃោសនាបោះឆ្នោត ស្ថានភាពទូទៅល្អ និងការឃោសនាបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព អហិង្សា ហើយការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ នឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងត្រឹមត្រូវគ្រប់ភាគីទាំងអស់នឹងទទួលយកបាន។ ខ្មោចបក្សសង្គ្រោះជាតិមិនមែនជាភាគីនៃការបោះឆ្នោតនេះទេ ដូច្នេះទោះបីជាខំប្រឹងទួញថ្ងូរ ស្រែកយំយ៉ាងណាក៏គ្មានបានផលប្រយោជន៍អ្វីដែរ។

ចៅចាក់ស្មុក សូមផ្តល់យោបល់ថា អ្នកដែលមិនត្រូវបានហាមឃាត់ធ្វើនយោបាយគួរតែត្រៀមខ្លួនបង្កើតគណបក្សថ្មីមួយចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនា ខែកក្កដា ឆ្នាំ២០១៨ ទៅវាល្អជាងព្រោះពេលវេលាខិតជិតមកដល់ហើយ!  ឬមួយក៏ជ្រើស​រើសធ្វើជាខ្មោចតាមលង និងធ្វើទុក្ខបុកម្នេញជាតិនិងប្រជាជនកម្ពុជាទៀត? នេះជាសិទ្ធិនៃការជ្រើសរើសរបស់អស់លោក!  តែកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្ក្រាបខ្មោចដ៏អាក្រក់ដូចអ​ស់លោកដែលតែងតែបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា! ដល់ពេលនោះ សូមកុំនិយាយថាស្តាយក្រោយ!!

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៨


No comments:

Post a Comment