Monday, February 12, 2018

ជនចាស់ជរាគ្មានទីពឹង ចំនួន ១២គ្រួសារ បានទទួលអំណោយពីសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ក្រុងកំពង់ឆ្នាំង និងព្រះអនុគុណ ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ព្រះគ្រូ ខុន ថុន ព្រះអនុគុណក្រុងកំពង់ឆ្នាំង និងប្រតិភូ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុង បានសាកសួរសុខទុក្ខ និងនាំយកអំណោយទៅចែក ជូនជនចាស់ជរា ស្រ្តីមេម៉ាយ ក្នុងក្រុងកំពង់ឆ្នាំង ចំនួន ១២គ្រួសារ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការ កណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍, លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង, និងលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដែលកន្លងមក តែងតែនឹករលឹក គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង នៅពេលដែលមានទុក្ខលំបាក គឺតែងផ្តល់ជូននូវ អំណោយ និងថវិកាចូលរួមជាមួយបងប្អូនគ្រប់ៗគ្នាទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការ នយោបាយឡើយ។
លោក យិន សាវ៉េន ក៏បានផ្តាំផ្ញើដល់គ្រួសារទាំង១២ ត្រូវខិតខំថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអប់រំកូនចៅអោយខិតខំរៀនសូត្រ ហើយជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។
ក្នុងឱកាសនោះលោក យិន សាវ៉េន ព្រះគ្រូ ខុន ថុន និងប្រតិភូសមាគមនារីក្រុង បានចែកអំណោយ ដល់គ្រួសារទាំង១២ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម, គ្រឿងឧបភោគបរិភោគ មួយចំនួន និងថវិកា ១ម៉ឺនរៀល ផងដែរ។
តំណាងគ្រួសារទាំង១២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ហេង សំរិន, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន, លោកស្រី ម៉ែន សំអន,
លោក ឈួរ ច័ន្ទឌឿន, លោកស្រី កែ ច័ន្ទមុនី, លោក យិន សាវ៉េន ព្រមទាំងសមាគមនារីក្រុងកំពង់ឆ្នាំង ទាំងអស់ សូមទទួលបានជ័យជំនះ ឈ្នះមាសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយ សុខសន្តិភាព សុខដុមរមនា និងឆ្ពោះទៅកាន់វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងរហូត តទៅអនាគត៕




No comments:

Post a Comment