Monday, February 12, 2018

លោក ហ៊ុន សែន ព្រមានដកតំណែងទាំងរដ្ឋមន្ត្រី ចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ចៅហ្វាយស្រុក រឿងរថយន្តកែច្នៃខុសបច្ចេកទេស

ភ្នំពេញៈ ចំពោះ រថយន្តដឹកលើសទម្ងន់ រថយន្តតទ្រុង និងកាត់តកែឆ្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ នេះគឺជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ហ៊ុន សែន បានសរសេរថា ៖ “ខ្ញុំសូមអរគុណក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ និងត្រួតពិនិត្យយានយន្តកៃឆ្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញលើស ទម្ងន់កំណត់ដោយច្បាប់ ដែលបង្កឲ្យខូចផ្លូវស្ពាន និងបង្កគ្រោះថ្នាក់ផ្សេងៗ ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ”។

លោកបានបន្ថែមថា បើតាមរបាយការណ៍ជំហានដំបូងមកទល់ថ្ងៃម្សិលមិញ គឺមានរថយន្តកែច្នៃដាក់ទ្រុងសណ្តាងធំៗ ខុសបច្ចេកទេស៨១គ្រឿងហើយ ដែលបានកាត់ទ្រុងចេញ និងរថយន្ត៧៦គ្រឿងទៀត ត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ៣១០គ្រឿងទៀត កំពុងត្រៀមកាត់ទ្រុងចេញ។ រថយន្តធំៗវែងៗទាំងនោះ គឺភាគច្រើនបើកលឿននៅលើដងផ្លូវ ដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់។ មានរថយន្តសណ្តោងធំៗ វែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់អីវ៉ាន់ចតធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏អំពាវនាវសូមជនរួមជាតិគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។ យើងមានផ្លូវថ្នល់ល្អៗ និងស្ពានល្អៗប្រើប្រាស់ សូមកុំបើកបរលឿនខុសច្បាប់ ហើយកុំដឹកទំនិញលើសការកំណត់ដោយច្បាប់។ យើងចូលរួមថែរក្សាផ្លូវថ្នល់ និងស្ពាននៅទូទាំងប្រទេស ដើម្បីយើងទាំងអស់គ្នាប្រើប្រាស់បានយូរអង្វែង៕


No comments:

Post a Comment