Monday, February 12, 2018

ប្រជាពលរដ្ឋជាង ៥ ០០០ នាក់ នៅស្រុកបារាយណ៍ ទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ២៥០ នាក់ ចុះសួរសុខទុក្ខ ព្រមទាំងធ្វើការពិនិត្យ និងព្យាបាលជម្ងឺដល់បងប្អូន លោកតា លោកយាយ ប្រមាណជាង ៥ ០០០នាក់ ដោយឥគិតថ្លៃ ស្របតាមគោលនយោបាយ ដែលប្រទេសកម្ពុជាចាត់ទុក វិស័យសុខាភិបាលជាវិស័យស្នូលដ៏សំខាន់ក្នុងចំណោមវិស័យស្នូលទាំងបួន និងដើម្បីអនុវត្តន៍ប្រកបដោយស្ថិរភាព និរន្តភាព ប្រសិទ្ធិភាព ក្នុងការអនុវត្តការងារសុខាភិបាល ក៏ដូចជាចូលរួមលើកស្ទួយសុខភាពប្រជាពលរដ្ឋក្នុងសហគមន៍ និងអភិវឌ្ឍន៍ប្រទេសជាតិ ។
ការពិនិត្យជម្ងឺ និងព្យាបាលរួមមាន ពិនិត្យ និងព្យាបាលជម្ងឺភ្នែក, ពិនិត្យ និងព្យាបាលជម្ងឺឬសដូងបាត, ពិនិត្យ និងព្យាបាលជម្ងឺមាត់ ធ្មេញ និងធ្វើការពិនិត្យ និងព្យាបាលរោគស្រ្តី អេកូសាស្រ្តផងដែរ ។

ក្នុងនោះដែរ លោក ហ៊ុន ម៉ាណែត ក៍បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយបានលើកឡើងនូវការកោតសរសើរពីទឹកចិត្ត និងមនសិការរបស់ក្រុមគ្រូពេទ្យ ដែលជាសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលះបង់នូវពេលវេលាក្នុងស្មារតី ជួយជ្រោមជ្រែងសុខភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនថាតែនៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺទូទាំងប្រទេស យើងទាំងមូល ក្នុងការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ មិនតែប៉ុណ្ណោះការយកចិត្តទុកដាក់ក្នុងការថែរក្សានូវប្បធម៌ជួយគ្នា និងមានក្រមសីលធម៌ក្នុងការព្យាបាលបងប្អូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់នេះគឺបានឆ្លុះបញ្ចាំងពីទង្វើរដែលមានទំនួលខុសត្រូវមិនអាចកាត់ថ្លៃបាន ព្រោះថាបើបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ ហាក់បីដូចមានទ្រព្យសម្បត្តិ មហាសាលមិនអាចកាត់ថ្លៃបាន ។

លោក បានបន្ថែមថា ការផ្តល់សេវាពិគ្រោះ និងព្យាបាលជម្ងឺដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ក្នុងការជួយថែរក្សា និងទប់ស្កាត់រាល់ជម្ងឺផ្សេងៗមិនឲ្យកើតមាន ការរាតត្បាតឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត។ ដោយការព្យាបាលមានភាពឆាប់រហ័ស និងទាន់ពេលវេលា រីឯការផ្តល់សេវាពិគ្រោះ និងព្យាបាលជម្ងឺនៅ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក៏មានសារសំខាន់ណាស់ដែរ ព្រោះមានការយកចិត្តទុកដាក់ ដល់សុខភាពកុមារតាមរយៈការចាក់ថ្នាំបង្ការ ១១មុខ និងអាហាររូបត្ថម្ភ ការយកចិត្តទុកដាក់ដល់សុខភាពស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីជាម្តាយតាមរយៈ ការពិនិត្យសុខភាពមុនពេលសម្រាល និងក្រោយពេលសម្រាល ការសម្រាលកូន ដោយបុគ្គលិកជំនាញ ការប្រយុទ្ធរប្រឆាំងនឹងជម្ងឺឆ្លងជាដើម ។ ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាថែទាំ ព្យាបាល ប្រកបដោយគុណធម៌ ក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព សមធម៌ជូនដល់ប្រជាពលរដ្ឋទូរទៅ ជាពិសេសប្រជាពលរដ្ឋ ក្រីក្រ។ លើសពីនេះទៅទៀតការផ្តល់សេវាសាធារណៈក្នុងវិស័យសុខាភិបាលតាមរយៈក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពិគ្រោះ ពិនិត្យ និងព្យាបាល តាមសហគមន៍នេះ គឺបានកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់អាយុជីវិត នឹងឈានទៅរកការកាត់ បន្ថយភាពក្រីក្រ ព្រោះការផ្តល់សេវានេះមិនតម្រូវឲ្យធ្វើការបង់ប្រាក់នោះឡើយ ៕





No comments:

Post a Comment