Monday, February 12, 2018

ខេត្តកណ្តាលប្រារព្ធពិធីបំពាក់កន្សែង យុវជនកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃអាទិត្យ ១១ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល មានរៀបចំពិធីបំពាក់កន្សែង យុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តកណ្តាល,លោក ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តកំពត និងជាប្រធានកិត្តិយសសាខា លោកស្រី គឹង ចាន់ឌី គន់ គីម អនុប្រធានកិត្តិយសសាខា ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត, អភិបាលក្រុង ស្រុក, គណៈកិត្តិយសសាខា, គណៈកម្មាធិការសាខា,ក្រុមប្រតិបត្តិសាខា, យុវជនកាយរិទ្ធ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអ្នកពាក់ព័ន្ធសរុបចំនួន ៩៤០ នាក់។
គួរបញ្ជាក់ដែរថា សមាសភាពដែលត្រូវបំពាក់កន្សែងនាឱកាសនេះ រួមមានគ្រូជាទីប្រឹក្សាយុវជន, យុវជនកាកបាទក្រហមកម្ពុជា និងក្រុមភ្លេងព្យុហយាត្រា ដែលអញ្ជើញមកពីវិទ្យាល័យនានា នៅក្នុងខេត្តសរុបចំនួន ៥០០ នាក់។
ក្រៅពីថ្លែងនូវការកោតសរសើរ និងគូសបញ្ជាក់នូវតួនាទីដ៏សំខាន់របស់យុវជន ក្នុងការួមចំណែកអនុវត្ត នូវការងារមនុស្សធម៌ ជាពិសេសការចូលរួមចំណែកលើវិស័យស្នូលទាំង៤ លោកប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត បានស្នើដល់គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក នាយក នាយិកាគ្រប់សាលារៀនទាំងអស់ក្នុងខេត្ត រួមគ្នាយកចិត្តទុកដាក់លើកកម្ពស់តម្លៃយុវជន កាកបាទក្រហមអោយបានសមស្រប តាមគោលនយោបាយយុវជនកាកបាទក្រហម និងយកចិត្តទុកដាក់ពង្រីកបន្ថែមកម្លាំងយុវជនកាកបាទក្រហមអោយបានគ្រប់វិទ្យាល័យទូទាំងខេត្តនាឆ្នាំ២០១៨។ លើសពីនេះ លោក ក៏បានផ្តាំផ្ញើដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដែលទទួលការបំពាក់កន្សែងនាថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ធ្វើគម្រូល្អនៅក្នុងសាលារៀន និងត្រូវចូលរួមសកម្មភាពមនុស្សធម៌អោយបានច្រើនប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ គណៈអធិបតី បានឧបត្ថម្ភថវិកាដល់៖
-យុវជនកាកបាទក្រហមដែលទើបទទួលការបំពាក់កន្សែង ចំនួន ៤៩២នាក់ ម្នាក់ៗទទួលបានថវិកា
១៥ ០០០ រៀល
-ទីប្រឹក្សាកាកបាទក្រហម ដែលទើបបំពាក់កន្សែង ៨នាក់ ម្នាក់ៗទទួលបានថវិកា ២៥ ០០០ រៀល
-យុវជនកាកបាទក្រហម យុវជនសសយក សិស្សានុសិស្ស អ្នកស្ម័គ្រចិត្តកាកបាទក្រហម ចំនួន ៧៩៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ ០០០ រៀល
-ទីប្រឹក្សាកាកបាទក្រហម និងក្រុមភ្លេងព្យុហយាត្រា ១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល
សរុបថវិកាចំនួន ១៥ ៨៥០ ០០០ រៀល៕





No comments:

Post a Comment