Monday, February 12, 2018

ប្រជា​ពល​រដ្ឋ​ភូមិ​ត្រពាំង​បី​អប​អរ​សាទរ និង​គម្រោង​ដាក់​លូ​រំដោះទឹក​ជំនន់​កុំ​ឱ្យ​លិច​ផ្លូវ​របស់​មន្ទីរ​សាធា​រណៈ​ការ និង​ដឹក​ជញ្ជូន​ខេត្ត

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីសាធារណៈការ និងដឹក​ជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨​ថា ការ​ដ្ឋាន​សាង​សង់​លូ​បណ្តោយ​ផ្លូវ​ក្នុង​ភូមិ​ត្រពាំងបី សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ប្រវែង​៣៦០​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​លិច​ផ្លូវ និង​ផ្ទះ​ដែល​ជា​ថវិកា​របស់​ក្រសួង​អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធា​រណៈ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន​ការ​សហការ និង​អប​អរ​សាទរ​ពី​ប្រជា​ពល​រដ្ឋធ្វើ​ឱ្យ​ការ​​អនុវត្ត​ទៅ​ដោយ​រលូន។

លោក កែវ ពៅ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ផ្លូវ និង​ផ្ទះ​ប្រជា​ពល​រដ្ឋ រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ភ្លៀង​មូល​ហេតុ​ដោយ​សារ​កន្លង​មក​ផ្លូវ​នេះ​គ្មាន​លូ និង​ការ​ចាក់​ដី​លើ​ចំ​ណី​ផ្លូវ​ នាំ​ឱ្យ​មាន​ការ​ស្ទះ​ទឹក​គ្មាន​កន្លែង​ហូរ​បណ្តាល​ឱ្យ​ជន់​លិច​ផ្លូវ និង​ផ្ទះ​របស់​ពួក​គាត់​ស្ទើ​តែ​ខូច​ខាត​ទាំង​ស្រុង។ លោក ក៏​បាន​​អំ​ពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ ដែល​មាន​ទី​លំ​នៅ​សង​ខាង​ផ្លូវ​សូម​មាន​ការ​យោគ​យល់ ​ផល​ប៉ះ​ពាល់​មួយ​ចំនួន​នៅ​ពេល​ជីក​ដី​ដាក់​លូ​បង្ហូរ​រំដោះ​ទឹក​ចេញ​ពី​លើ​ផ្លូវ​ជាតិ​។

តំណាង​ប្រជា​ពល​រដ្ឋ​បាន​ថ្លែង​អំណរ​គុណ​ដល់​លោក ហ៊ុន សែន លោក​ទេស​រដ្ឋ​មន្រ្តី ស៊ុន ចាន់ថុល លោក ឈួរ ច័នឌឿន​ និងលោក កែវ ពៅ ដែល​បាន​គិត​គូរ​ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម និង​សំណូម​ពរ​ចាំ​បាច់​របស់​ពួក​គាត់​បាន​ទាន់​ពេល​វេលា និង​សូម​គោរព​ជូន​ពរ​លោក ហ៊ុន សែន និងបណ្ដា​ថ្នាក់​ដឹក​នាំ​​មាន​សុខ​ភាព​ល្អ ដើម្បី​បន្ត​ដឹក​នាំ​ប្រទេស​ឱ្យ​កាន់​តែ​ទទួល​បាន​សមិទ្ធ​ផល​ថ្មី​ៗ​ថែម​ទៀត៕





No comments:

Post a Comment