Monday, February 12, 2018

ចាប់ពីថ្ងៃចន្ទនេះ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងចុះផ្ដល់សេវាចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ ដល់ផ្ទះប្រជាពលរដ្ឋ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨ តទៅ អគ្គនាយកដ្ឋាពន្ធដារ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចុះផ្ដល់ សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដល់ទីតាំង របស់ម្ចាស់អចលនទ្រព្យ ទាំងអស់ក្នុងរាជធានីភ្នំពេញ។
ការចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មាន អចលនទ្រព្យនេះ ធ្វើឡើងដើម្បីស្រង់ស្ថិតិ ថតរូបទីតាំង និងសាកសួរព័ត៌មានមួយចំនួន អំពីអចលនទ្រព្យ ដូចជា អត្តសញ្ញាណម្ចាស់អចលនទ្រព្យ និងព័ត៌មានចាំបាច់ផ្សេងៗទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន អចលនទ្រព្យ ដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ។ ជាមួយគ្នានោះ ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយពីបទប្បញ្ញត្តិស្ដីពីពន្ធដារ ការផ្ដល់ សេវាចុះ បញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ព្រមទាំងសេវាពន្ធដារផ្សេងទៀតជូនម្ចាស់ អចលនទ្រព្យគ្រប់រូប ឲ្យបានកាន់តែល្អប្រសើរ។
ដើម្បីផ្ដល់ភាពងាយស្រួល និងចៀសវាងការចំណាយពេលវេលា អគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យម្ចាស់អចលនទ្រព្យទាំងអស់ ត្រៀមលក្ខណៈ ជាមុន និងរៀបចំចម្លងទុក នូវឯសារ ពាក់ព័ន្ធមួយចំនួន ជូនក្រុមការងារដូចជា៖
១៖ ករណីអចលទ្រព្យ បានចុះបញ្ជីពន្ធដាររួចរាល់ ត្រូវមាន៖
* បង្កាន់ដៃបង់ពន្ធលើអចលនទ្រព្យ
* ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (កាតសម្រាប់បង់ពន្ធអចលនទ្រព្យ)
២៖ ករណីអចលនទ្រព្យ មិនទាន់ចុះបញ្ជីពន្ធដារត្រូវមាន៖
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន សម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់លំនៅ
* ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធ នឹងការកាន់កាប់ អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ សង្កាត់ឡើងទៅ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖


No comments:

Post a Comment