Monday, February 12, 2018

ក្រសួងបរិស្ថានលើកកម្ពស់សុខមាលភាពមន្រ្តីរាជការនិងគ្រួសារ

មន្រ្តីរាជការនៃក្រសួងបរិស្ថាន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យជំនាញជាតិ និងអន្តរជាតិ នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះជាព្រឹត្តិការណ៍«លើកកម្ពស់សុខមាលភាពមន្រ្តីរាជការក្រសួងបរិស្ថាន» ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកស្រី មាស បូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី ឌិត នីតា ភរិយាលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងការចូលរួមពីក្រុមគ្រូពេទ្យជំនាញជាតិ និងអន្តរជាតិ មកពីសមាគមគ្រូពេទ្យសុខមាលភាពភូមិយើង សហភាពសហព័ន្ឋយុវជនកម្ពុជា ក្រុមគ្រូពេទ្យស្មគ្រចិត្ត I Mission និងក្រុមគ្រូពេទ្យខ្មែរសាយ ជាច្រើននាក់ផងដែរ។

លោកស្រី មាស បូរិន បានលើកឡើងថាកម្មវិធីនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាពមន្រ្តីរាជការនៃក្រសួងបរិស្ថាន និងក្រុមគ្រួសារ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយចំពោះការថែទាំសុខភាព និងលើកកម្ពស់សុខភាពឱ្យប្រសើរឡើង។ លោកស្រី បានថ្លែងអំណរគុណដល់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រីដែលតែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាព និងសុខទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន ជាក់ស្តែងបានបង្កើតជាកម្មវិធីកម្មធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះឡើង។ លោកស្រី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការសកម្មភាពជាអាទិភាពក្នុងការធ្វើទំនើបកម្មក្រសួងបរិស្ថាន ដែលក្នុងនោះមានការលើកកម្ពស់ទាំងចំណេះដឹង និងសមត្ថភាពមន្រ្តីរាជការ ដើម្បីចូលរួមដឹកនាំ អនុវត្តការងារ និងអភិវឌ្ឍន៍ខ្លួន ដើម្បីចូលរួមបម្រើការងារនៅក្នុងវិស័យបរិស្ថាន ក៏ដូចជាកិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ។

គូសបញ្ជាក់ដែរថា កម្មវិធី«លើកកម្ពស់សុខមាលភាពមន្រ្តីរាជការក្រសួងបរិស្ថាន»នេះមានរយៈពេល ១ថ្ងៃពេញ។ មន្រ្តីរាជការ និងក្រុមគ្រួសារ ចំនួនជាង៣៥០នាក់ បានចូលរួមពិនិត្យ និងព្យាបាល រួមមាន៖ ១-ការពិនិត្យ និងព្យាបាលជំងឺទូទៅ (ពិនិត្យឈាម ជំងឺកុមារ ជំងឺស្រ្តី ជំងឺសួត ជំងឺត្រចៀក ច្រមុះ និងបំពង់ក) ២-ពិនិត្យនិងព្យាបាលសុខភាពភ្នែក (ភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ភ្នែកមីញ៉ូប និង៣-ពិនិត្យនិងព្យាបាលសុខភាពមាត់ធ្មេញ។ ក្រៅពីទទួលបានការពិនិត្យ និងព្យាបាលជំងឺ មន្រ្តីក្រសួងបរិស្ថានបានទទួលថ្នាំពេទ្យ វ៉ែនតាការពារភ្នែក និងអាហារផងដែរ៕





No comments:

Post a Comment