Friday, August 25, 2017

HOT NEWS: តុលាការសម្រេចផ្តន្ទាទោស លោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាទឹកប្រាក់១០លានរៀល

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន១០លានរៀលពាក់ព័ន្ធទៅនឹងសំណុំរឿងប្រមាថមើលងាយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេសជាពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមមន្ដ្រីតុលា​ការបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្ដិច។ មន្ដ្រីតុលាការបានបញ្ជាក់ទៀតថា ក្រោយប្រកាសសាលក្រមរួចមក តុលាការ ក៏បានប្រគល់វត្ថុតាងមួយចំនួនដូចជា រថយន្ដ និងកាមេរ៉ាជាដើម ប្រគល់ជូនក្រុមគ្រួសារវិញ តែបន្ដរក្សាទុកនូវវត្ថុតាងដែលពាក់ព័ន្ធទៅនឹងបទល្មើស។ ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានទុកឱ្យជនជាប់ចោទដាក់ពាក្យបណ្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ផងដែរ។
សូមបញ្ជាក់ថា លោក​ សួន​ សេរី​រដ្ឋា​ ត្រូវ​បាន​លោក​ រស់​ ពិសិដ្ឋ​ ជាចៅក្រម​ជំនុំជម្រះ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​៣បទល្មើស​ ក្នុងនោះរួមមាន បទ​ញុះញង់​កុំឱ្យយោធិនស្តាប់បង្គាប់តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ​ បទ​ធ្វើឱ្យខូចទឹកចិត្តកងទ័ពតាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ​ និង​បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញត្តិ​មាត្រា​៤៩៤និងមាត្រា​៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ​២០១៧​ បន្ទាប់បានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុក ប្រមាថមើលងាយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរ​ភូមិន្ទទាំងមូលនូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និង​កងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
នៅក្នុងសាររបស់ លោក សួន សេរីរដ្ឋា ដែលបង្ហោះលើ Facebook កាលពីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៧ មានខ្លឹមសារយ៉ាងដូច្នេះថា «​ពេលសង្គ្រាម កើតឡើងជាមួយ នឹងប្រទេសលាវនោះលទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយ នឹង ប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់សប្បាយជាមួយស្រីញី យ៉ាងគគ្រឹកគគ្រេង!។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗ ពាក់ផ្កាយ និង កូនលោកធំៗ ដែលនៅជួរក្រោយចេញមុខ ចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ​»​ ។

សាររបស់ លោក សួន សេរីរដ្ឋា បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កងទ័ព និងមេបញ្ជាការកងទ័ពនៅទូទាំងប្រទេស ហើយពួកគាត់ចាត់ទុកថាជាទង្វើមួយដែលមិនអាចអត់ឱនឱ្យបាន៕


No comments:

Post a Comment