Friday, August 25, 2017

ក្រុមការងារកម្មវិធីផ្ទះទេវតា ប្រគល់ផ្ទះទេវតាចំនួន០១ខ្នងដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី ឌី សុខីទីឃាយុកោ ភរិយា ហ៊ុន ម៉ានិត បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះមកប្រគល់ផ្ទះទេវតាចំនួន០១ខ្នងជាបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅលើទឹកដីខេត្តកំពត។ ផ្ទះទេវតា១ខ្នង ប្រគល់ជូនលោកពូ ម៉ម ងួន អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

អំណោយផ្ទះទេវតា ១ខ្នងខាងលើនេះជាអំណោយរបស់សប្បុរសជនរស់នៅសហរដ្ឋអាមេរិក លោក ឡុង ចាន់អេង និងលោកស្រី លោកឃុត ណារ៉ាត់ ព្រមទាំងបុត្រ លោកស្រី ឈាវ រតនា និងស្វាមី ព្រមទាំងបុត្រ លោកស្រី ឃុត បញ្ញា និងស្វាមី ព្រមទាំងបុត្រ លោកនូ សុជាតិ និងភរិយា ព្រមទាំងបុត្រ។ ក្រៅពីការប្រគល់អំណោយផ្ទះទេវតា ទុរគតជនខាងលើ ក៏ទទួលបានអំណោយបន្ថែមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា មានដូចជាសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួនធំ។

ក្នុងឱកាសនោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ផងដែរ រួមមានសម្ភារៈសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ និងថវិកាមួយចំនួន។ បន្ទាប់ពីប្រគល់ផ្ទះរួចរាល់ លោកស្រីប្រធានគណ:ប្រតិភូបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណជាង ៥០០គ្រួសារ ដែលមានជីវភាពខ្វះខាត មកពីភូមិទាំង០៩ នៃឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ព្រមទាំងរៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ពិសារ មាននំបញ្ចុក នំបុ័ង ភេសជ្ជៈផ្សេងៗ ប្រកបដោយភាពស្និទ្ធស្នាលបំផុត។

ក្នុងឱកាសនោះដែរ លោកស្រី ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលលោកទាំងពីរជារឿយៗតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងក៏មានចែកជូនអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា រួមមានគ្រឿងឧបភោគ-បរិភោគ ថ្នាំពេទ្យ និងថវិកាមួយចំនួនផងដែរ៕









No comments:

Post a Comment