Friday, August 25, 2017

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ កោតសរសើរភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ។ ការជួបពិភាក្សានៅពេលនេះគឺស្របពេលអញ្ជើញ មកចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាផងដែរ។

លោក អានុពុង ផៅចិន្តា បានសម្តែងនូវក្តីរីករាយ និងមានមោទនភាពចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសំណើមួយចំនួនដូចជា៖

១- សូមភាគីថៃពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹកនៅខេត្តកោះកុងដោយត្រូវចែករំលែកទឹកប្រើប្រាស់ឱ្យខេត្តជាប់ប្រទេសទាំង២ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់។
២- សហការចូលរួមដោះស្រាយគ្រោះមហន្តរាយតាមព្រំ ដែននៃប្រទេសទាំង២ឱ្យបានល្អ និងមានប្រសិទ្ធភាព។
៣- សូមឱ្យភាគីថៃពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយជួយទិញកសិផលពីកម្ពុជាឱ្យបានច្រើនជាងមុន ព្រោះសព្វថ្ងៃនេះកម្ពុជានាំទំនិញពីថៃចូលមកច្រើនជាងថៃនាំទំនិញកម្ពុជាចេញទៅថៃ គឺខុសគ្នារហូតដល់៥ដង។
៤- តាមរយៈ នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញ លោក​នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា មកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របក្នុងពេលអញ្ជើញមកចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមគ្នារវាងប្រទេសទាំងពីរនៅកម្ពុជា។ នៅពេលនោះក៏អាចនឹងមានគម្រោង សម្ពោធសួនច្បារថ្មី មិត្តភាពកម្ពុជា-ថៃ ស្ថិតនៅវត្តភ្នំរហូតមកដល់វិមានសន្តិភាពផងដែរ។

នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា បានគាំទ្រនូវការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនាំមកនូវមិត្តភាព និងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍នឹងរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រីថៃអំពីសំណើដែលលោកនាយករដ្ឋមន្រ្តីបានលើកឡើងទាំងអស់នេះ៕






No comments:

Post a Comment