Friday, August 25, 2017

កម្ពុជាត្រូវបានផ្តល់ឱ្យធ្វើជាប្រទេសកិត្តិយសចូលរួមក្នុងពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នៅទីក្រុងប៉ារីសប្រទេសបារាំង

ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នឹងនាំយកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ និងសម្លៀកបំពាក់ច្នៃម៉ូតកម្រិតអន្តរជាតិដែលផលិតនៅស្រុកខ្មែរទៅចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតនៅក្នុងពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ខាងមុខនេះ។

ដើម្បីឱ្យការចូលរួមរបស់កម្ពុជាប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាក្រុមហ៊ុនឌីហ្សាញម៉ូត និងកាត់ដេរសម្លៀកបំពាក់ NATACHA VAN និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ក្នុងជំនួបពិភាក្សានោះ ខាងក្រុមហ៊ុនឌីហ្សាញម៉ូត និងកាត់ដេរសម្លៀកបំពាក់ បានបង្ហាញពីសម្លៀកបំពាក់ដែលមានគុណភាពល្អៗមួយចំនួន ដែលជាស្នាដៃខ្មែរ ហើយអាចប្រកួតប្រជែងបានក្នុងទីផ្សារអឺរ៉ុបទៀតផង។

បន្ទាប់ពីបានពិនិត្យមើលសម្លៀកបំពាក់ទាំងនោះយ៉ាងយកចិត្តទុកដាក់ លោករដ្ឋមន្រ្តី បានកោតសរសើរយ៉ាងខ្លាំងដល់ក្រុមហ៊ុនឌីហ្សាញម៉ូត និងកាត់ដេរសម្លៀកបំពាក់ខ្មែរហើយបានសង្ឃឹមយ៉ាងមុតមាំថាសម្លៀកបំពាក់ខ្មែរ នឹងត្រូវបានទទួលការគាំទ្រពីសំណាក់ជនជាតិបារាំង ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបទាំងមូល។

សូមជម្រាបផងដែរថា កម្ពុជាមានពាណិជ្ជករកម្ពុជាចំនួន០៩ក្រុមហ៊ុន ទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះដើម្បីផ្សព្វផ្សាយពីឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់នៅកម្ពុជាក៏ដូចជា ដើម្បីជំរុញផលិតផលកាត់ដេរ និងសម្លៀកបំពាក់កម្ពុជាចូលក្នុងទីផ្សារអឺរ៉ុបបន្ថែមទៀត។ ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកម្មវិធីសន្និសីទព័ត៌មាន កិច្ចប្រជុំតុមូល និងសកម្មភាពជំរុញពាណិជ្ជកម្មមួយចំនួនទៀតផងដើម្បីជំរុញឱ្យមានការវិនិយោគនៅកម្ពុជាទាក់ទងនឹងឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ឱ្យកាន់តែមានការកើនឡើង៕








No comments:

Post a Comment