Friday, August 25, 2017

កម្ពុជាទាមទារសហរដ្ឋអាមេរិកឱ្យបំពេញកាតព្វកិច្ច GSP-DFQF ក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO)

នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោកស្រី Marta Prado នាយកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក អមដំណើរដោយលោកស្រី Desiree GANZ នាយកផ្នែកការងារតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Scott Schlossberg មន្រ្តីនយោបាយសេដ្ឋកិច្ច និងលោក David Sequeira មន្រ្តីសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លោក ឱក ប៊ុង រដ្ឋលេខាធិការ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទាមទារឱ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចដែលខ្លួនបានសន្យាក្នុងនាមជាប្រទេសអភិវឌ្ឍន៍ថានឹងផ្តល់ជូនកម្ពុជា និងប្រទេសអភិវឌ្ឍតិចតួចដទៃទៀតនូវការអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។

ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានលើកឡើងថា យោងតាមស្មារតីនៃសេចក្តីប្រកាសរួមរបស់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហុងកុង រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យាថានឹងផ្តល់ឱ្យប្រទេសអភិវឌ្ឍន៍តិចតួច (ក្នុងនោះរួមមានកម្ពុជា) នូវការអនុគ្រោះពន្ធនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យបានយ៉ាងតិច ៩៧% ក្នុងលក្ខខណ្ឌពន្ធគយសេរី-កូតាសេរី (GSP-DFQF) របស់អង្គការពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែគិតមកត្រឹមឆ្នាំ២០១៧នេះ ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់កម្ពុជាមួយនេះបានផ្តល់នូវការអនុគ្រោះពន្ធត្រឹមតែ ៨២.៦%តែប៉ុណ្ណោះ។ ប្រទេសអភិវឌ្ឍន៍មួយចំនួនធំបានបំពេញកាតព្វកិច្ចត្រឹមត្រូវទៅតាមការសន្យារបស់ប្រទេសនីមួយៗរួចរាល់ហើយ ក្នុងនោះប្រទេសអូស្រ្តាលី ណូវែលហ្សឺឡង់ ណរវ៉េ និងស្វ៊ីស បានផ្តល់នូវការអនុគ្រោះពន្ធចំនួន ១០០% សហគមន៍អឺរ៉ុបបានផ្តល់ ចំនួន ៩៩% ក្រោមក្របខ័ណ្ឌ EBA (Everything But Arms) កាណាដា ៩៨.៦% ជប៉ុន ៩៧.៩% ហើយចិនបានផ្តល់ ៩៧%។

លោករដ្ឋលេខាធិការ បានបន្ថែមថា មុខទំនិញដែលសហរដ្ឋអាមេរិក បានផ្តល់ឱ្យកម្ពុជាក្នុងរង្វង់ ៨២.៦% នោះ មិនមានផលិតផលសក្តានុពលសំខាន់ៗដែលកម្ពុជាអាចផលិត និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសក្រីក្រនោះទេ ពោលគឺផលិតផលសក្តានុពលទាំងនោះត្រូវជាប់កាតព្វកិច្ចបង់ពន្ធដូចបណ្តាប្រទេសអភិវឌ្ឍន៍នានាដទៃទៀត ដែលមានសេដ្ឋកិច្ចរីកចម្រើនជាងកម្ពុជាដែរ។ លោក ក៏បានស្នើឱ្យសហរដ្ឋអាមេរិកដាក់បញ្ចូលមុខទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន ខោ អាវ ផលិតផលធ្វើអំពីឡែន និងផលិតផលផ្សេងទៀតស្ថិតនៅក្នុងលេខកូដ ៣៣៨, ៣៣៩, ៣៤៧, ៣៤៨, ៦៤៧, ៦៤៨, ៣៣៤, ៦៣៤, ៦៣៨, ៦៣៩, ៣៣៥និង៦៣៥ ឱ្យស្ថិតក្នុងប្រព័ន្ធអនុគ្រោះពន្ធដើម្បីធានាថាកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីការនាំចេញទៅកាន់សហរដ្ឋអាមេរិក។

ជាការឆ្លើយតបលោកស្រី Marta Prado បានស្នើឱ្យភាគីកម្ពុជាពិនិត្យឡើងវិញនូវមុខទំនិញដែលកម្ពុជាទទួលបានការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក ស្របពេលដែលអាមេរិកបាននិងកំពុងប្រកាសឱ្យបណ្តាប្រទេសដែលនឹងត្រូវទទួលផលក្រោមច្បាប់របស់ខ្លួនពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ (GSP) សម្រាប់ឆ្នាំ២០១៧។ ភាគីសហរដ្ឋអាមេរិក បានស្នើឱ្យក្រសួងពាណិជ្ជកម្ម ចូលរួមពិនិត្យបន្ថែមលើសេចក្តីព្រាងច្បាប់ស្តីអំពីប្រាក់ឈ្នួលអប្បបរមា និងសេចក្តីព្រាងច្បាប់ស្តីអំពីការដោះស្រាយវិវាទដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គួររម្លឹកផងដែរថា ជំនួបពិភាក្សាលើកនេះ គឺជាការពិភាក្សាការងារបន្តក្រោយពីកម្ពុជាបានដឹកនាំប្រតិភូទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះស្តីពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគលើកទី៤ នៅរដ្ឋធានីវ៉ាស៊ីងតោន កាលពីពេលកន្លងទៅថ្មីៗនេះ។ នៅក្នុងកិច្ចប្រជុំខាងលើ កម្ពុជា-អាមេរិក បានឯកភាពគ្នាបង្កើតឱ្យមានក្រុមការងារជំនាញតូចៗ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង TIFA នេះ៕





No comments:

Post a Comment