Friday, August 25, 2017

ការថែរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាជន គឺជាការងារអាទិភាពរបស់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុក។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីជំរុញការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ធានាបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាជននៅមូលដ្ឋាន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវខិតខំបន្តយកចិត្តទុកដាក់ថែរក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីឱ្យប្រជាជនរស់នៅដោយមានសុខសុវត្ថិភាព និងប្រកបរបរចិញ្ចឹមជីវិតដោយមិនមានការភ័យខ្លាច។

ព្រមជាមួយនោះដែរ លោក ក៏បានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនដូចជា៖ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន បទល្មើសនេសាទ បទល្មើសព្រៃឈើ ទប់ស្កាត់ ការកាប់ទន្ទ្រានដីគម្របព្រៃ ដីព្រៃលិចទឹក ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងផ្លូវគោក និងផ្លូវទឹក យកចិត្តទុកដាក់ការពារ អភិរក្សធនធានធម្មជាតិ និងតំបន់ធម្មជាតិនានាក្នុងខេត្ត ជំរុញការរៀបចំសណ្ដាប់ធ្នាប់នៅតាមទីផ្សារ ទីសាធារណៈ និងទីប្រជុំជន ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ៕








No comments:

Post a Comment