Tuesday, July 11, 2017

រដ្ឋមន្ត្រី​ក្រសួងការងារ​ ស្នើជប៉ុន​ទទួល​កម្មសិក្សា​ការីខ្មែរបន្ថែម​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាឱកាសទស្សនកិច្ចក្នុងក្រុមហ៊ុនធំមួយនៅរាជធានីតូក្យូ ដែលជាក្រុមហ៊ុនមានកម្មសិក្សាការីខ្មែរធ្វើការផងនោះ បានស្នើឲ្យភាគីក្រុមហ៊ុនទទួលកម្មសិក្សាការីកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ព្រោះកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ មានភាពអំណត់ និងភាពស្មោះត្រង់។

រដ្ឋមន្ត្រីក្រសួងការងារ បានឲ្យដឹងថា ក្រុមហ៊ុនដែលលោក និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចនោះ មានឈ្មោះ Tokyo Light Industrial Co.,LTD ដែលជាក្រុមហ៊ុនផលិតដបសាប៊ូ មានសាខាជាច្រើនកន្លែង។

ខណៈនោះតំណាងក្រុមហ៊ុនក៏បានស្វាគមន៍ និងជម្រាបជូនអំពីប្រវត្តិនៃការបង្កើតក្រុមហ៊ុន ព្រមទាំងសកម្មភាពនានារបស់ក្រុមលោក តាំងពីសមាគមន៍មួយក្លាយទៅជាក្រុមហ៊ុន ដែលមានសាខាជាច្រើនកន្លែង ពិសេសក្រុមហ៊ុនលោកមានការពេញចិត្តចំពោះកម្មសិក្សាការីខ្មែរ ដែលបានខិតខំយកចិត្តទុកដាក់ធ្វើការ និងមានលក្ខណៈសម្បត្តិល្អ។

លោករដ្ឋមន្រ្តី ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ និងកោតសរសើរចំពោះក្រុមហ៊ុន ដែលបានទទួលយកកម្មសិក្សាការីខ្មែរមកធ្វើការ ដើម្បីទទួលបាននូវមុខជំនាញបច្ចេកទេសវិជ្ជាជីវៈពីក្រុមហ៊ុន ដែលជាក្រុមហ៊ុនមួយមានកម្រិតបច្ចេកទេសខ្ពស់ទាំងសុវត្ថិភាព និងសុខភាព ព្រមទាំងបានស្នើសុំក្រុមហ៊ុនជ្រើសរើស និងទទួលកម្មសិក្សាការីខ្មែរ ឱ្យបានកាន់តែច្រើនថែមទៀត។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងការងារ ក៏បានផ្តាំផ្ញើដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើការនៅទីនោះ ត្រូវខិតខំធ្វើការងារដោយគោរពច្បាប់របស់ប្រទេសជប៉ុន រក្សាសាមគ្គីភាព ទំនាក់ទនងល្អជាមួយជប៉ុន និងខឹតខំរៀនបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ពេលចប់កិច្ចសន្យាវិលទៅប្រទេសវិញ ពួកគេនឹងមានជំនាញ និងលទ្ធភាពប្រកបរបរខ្លួនឯង ឬស្វែងរកការងារធ្វើដែលប្រកបដោយភាពថ្លៃថ្នូរ និងប្រាក់កម្រៃខ្ពស់។

សូមបញ្ជាក់ថា បច្ចុប្បន្នពលករខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេសមានចំនួន ១,២០០,០០០នាក់ ក្នុងនោះនៅប្រទេសថៃប្រមាណ ១,០៥០,០០០នាក់ ប្រទេសម៉ាឡេស៊ីជិត ៤០,០០០នាក់, ប្រទេសកូរ៉េខាងត្បូងប្រមាណ ៥០,០០០នាក់, ប្រទេសជប៉ុនប្រមាណ ៤,០០០នាក់ និង នៅសិង្ហបុរីជាដើម៕




No comments:

Post a Comment