Tuesday, July 11, 2017

ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពិធីអបអរសាទរ ការដាក់បញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ដោយអនុវត្តតាមស្មារតីសារលិខិត ណែនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធី អបអរសាទរ​ ការដាក់បញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា  ឆ្នាំ២០១៧កន្លងទៅ។ កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព លោកឧបនាយក​រដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានវត្តមាន លោក លោកស្រី មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។

ថ្លែងបើកកម្មវិធីនេះ លោក យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស បានឡើងអានសារលិខិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនជនរួមជាតិ ក្នុងឱកាសពិធីអបអរសាទរ «តំបន់ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ។ នៅព្រឹកមិញនេះដែរ ទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធីទូងស្គរជ័យ  រាំងលេងកំសាន្ត និងជួបជុំទទួលទានអាហាររួមគ្នា​យ៉ាងសប្បាយរីករាយផងដែរ។ សម្រាប់ការប្រារព្ធពិធីអបអរសាទរនេះ គឺត្រូវបានធ្វើឡើង នៅទូទាំងប្រទេស ព្រមគ្នា ក្នុងពេលតែមួយ គឺនៅវេលាម៉ោង ១០:០០ ព្រឹក ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១៧ ។

គួរបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំលើកទី៤១ របស់អង្គការយូណេស្កូ  នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ៕








No comments:

Post a Comment