Tuesday, July 11, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះស្ថិតនៅទីណា​ក៏ខ្ញុំនៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ទោះស្ថិតនៅទីណា ក៏លោកនៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រ​ទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម។ លោក បានលើកឡើងដូចនេះដើម្បីឆ្លើយតបនឹងសកម្មជនបក្សប្រឆាំង Chhany Chhany ដែលបានសរសេរថា «ពេលអវត្តមាននាយករដ្ឋមន្ត្រី​ គឺត្រូវតែមាននាយករដ្ឋមន្ត្រីស្តីទី​ តែប្រភពបាននិយាយថា​ ហ៊ុន​ សែន​ មិនផ្ទេរតំណែងនាយករដ្ឋមន្ត្រីស្តីទីឱ្យ​ ស​ ខេង​ ឬ​ ប៊ិន​ ឈិន​ ទេ​ ព្រោះអត់ទុកចិត្ត​ ហើយសូម្បីតែពួកកូនៗ​ ហ៊ុន​ សែន​ ក៏អត់ហ៊ានចេញទៅមើល​ ហ៊ុន​ សែន​ ឈឺម្តងទាំងអស់គ្នាដែរ​ (ម៉ាណែត​ ម៉ានី​ ម៉ា​និត​) ដោយខ្លាចមានបញ្ហាផ្ទៃក្នុង​ (ពាលស៊ីពាលក្នុងបក្សតែមួយ​)»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបនៅក្នុងហ្វេសប៊ុករបស់លោកថា «នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជាតែងចាត់ទុកថាម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំ​បាក១០០% រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។ តើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុ​ស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅ​ទីនេះ ឬទីនោះដែរឬទេ?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ទៅវិញថា ទោះបីរូបលោកផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិ ទោះស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រ​ទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរបើចង់ដឹងសុំសាកល្បងមើល Sic!។

នៅក្នុងឱកាសដែលប្រជាជាតិខ្មែរកំពុងតែមានភាពសប្បាយរីករាយ ក្នុងពេលដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់​បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងតែរង់ចាំមើលបក្សនយោបាយ ឬសង្គមស៊ីវិលណាខ្លះដែលនឹងចូលរួមអបអរសាទរជាមួយជោគជ័យដ៏មហិមារបស់ប្រជាជនកម្ពុជានាពេលនេះផងដែរ៕





No comments:

Post a Comment