Tuesday, July 11, 2017

មេបញ្ជាការរងខេត្តព្រះវិហារ ជួបសំណេះសំណាលជាមួយ ឯកអគ្គរាជទូតអូស្ត្រាលី និងលោកវរៈសេនីយ៍ឯក អនុពន្ធ័យោធាអូស្ត្រាលីប្រចាំនៅកម្ពុជា

ព្រះវិហារ៖ លោក ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានប្រាប់លោកស្រី Angela cocoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជាថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន  ណែនាំឱ្យកងទព័នៅជួរមុខតាមបន្ទាត់ព្រំដែន ហូបបាយសាមគ្គីជាមួយភាគីថៃមួយខែម្ដង ដើម្បីពិភាក្សាការងារ និងបង្កើតសហប្រតិបត្តិការល្អនៃការការពារប្រទេសវៀងខ្លួន។

លោក ច័ន្ទ សុភ័ក្រ្ដា បានថ្លែងបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយ លោកស្រី Angela cocoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងលោកវរៈសេនីយ៍ឯក MarK Hinchliffe អនុព័ន្ធយោធា អូស្ត្រាលីប្រចាំប្រទេសកម្ពុជា ជាមួយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

លោកស្រីឯកអគ្គរាជទូត ក៏ដូចជាលោកវរៈសេនីយ៍ឯក បានជំរាបជូនលោកមេបញ្ជាការសឹករងខេត្ត ពាក់ពន្ធ័ នឹងទំនាក់ទំនងរវាងកងទព័កម្ពុជា-ថៃ ដែលឈរជើងតាមតំបន់ព្រំដែនបច្ចុប្បន្ននេះ តើក្នុងនាមកងយោធា ពលខេមរភូមិន្ទ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងគ្នាបែបណា? ក៏ដូចជាយន្តការ និងវិធីសាស្ត្រ​ផ្សេងៗទៀត? ។

លោក ច័ន្ទ សុភ័ក្រ្ដា បញ្ជាក់ថា កន្លងមកនេះកងយោធពលខេមរភូមិន្ទ និយាយដោយឡែកតំបន់ ប្រតិបត្តិការ​សឹករងព្រះវិហារ ក៏ដូចជាកងឯកភាពទាំងអស់ ដែលចំណុះឱ្យក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាន​កងទព័ជើងគោគ និងយោធភូមិភាគទី៤ ហើយក៏មានការដឹកនាំពីគណៈបញ្ជាការឯកភាពខេត្ត ជាគោលការណ៍​កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍រួម រវាងកងកម្លាំងទាំងអស់ ដែលឈ ជើងតាមខ្សែរ​បន្ទាត់ព្រំដែន មិនថាឡើយតែតំបន់ប្រតិបត្តិការសឹករងព្រះវិហារទេ ត្រូវគោរពគ្នាទៅ វិញទៅមក ក្នុងកិច្ចសហ ការព្រំ​​ដែនរួមជាមួយប្រទេសជិតខាង នោះជាកិច្ចការដឹកនាំរួមរបស់ រាជរដ្ឋាភិបាល។

លោកមេបញ្ជាការបានបន្តថា ទោះជាកន្លងមកនៅឆ្នាំ២០០៨ មានការប៉ះទង្គិចរវាងកងខេមរភូមិន្ទកម្ពុជា និងថៃ​នៅ​ចំណុច៤.៦ក៏ដោយ តែបានដោះស្រាយបញ្ចប់ដោយជោគជ័យ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ដោយឡែកភាគីកម្ពុជា បានគោរពនូវបូរណភាពទឹកដី ហើយមានគោលការណ៍ដឹកនាំត្រឹម​ត្រូវរបស់ប្រមុខ​រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំ។

ពាក់ព័ន្ធយន្តការទំនាក់ទំនង ជាមួយកងទ័ពថៃយ៉ាងណានោះ លោកឆ្លើយតបថា «ជាមួយភាគីថៃយើងមាន​គោល​​ការណ៍​​ចាប់ពីថ្នាក់កំពូល ពោលគឺពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាន​កងទព័ជើងគោក ក៏ដូចជាយោធភូមិភាគ៤ ក្នុងនោះអ្វីដែលតំបន់ប្រតិបត្តិការសឹករងអនុវត្តន៍កន្លងមក គឺអាស្រ័យ​លើការចង្អុលបង្ហាញរបស់ថ្នាក់លើ ពាក់ព័ន្ធកងកម្លាំងដែលឈរជើងនៅទល់មុខគ្នា កន្លងមកយើង​បានធ្វើការកំណត់ពេលវេលាជាមួយភាគីថៃ ជួបគ្នាមួយខែម្តង ហូបបាយសាមគ្គីជាមួយគ្នា សន្ទនាគ្នារក​ចំណុចវិជ្ជមាន»។

បន្ថែមពីនេះ លោកស្រីឯកអគ្គរាជទូតអូស្ត្រាលី និងលោកវរៈសេនីយ៍ឯកអនុពន្ធ័យោធាអូស្ត្រាលីប្រចាំនៅកម្ពុជា បានសំដែងនូវការអរគុណ ចំពោះលោកមេបញ្ជាការសឹករងខេត្តព្រះវិហារ ដែលបានបញ្ជាក់ច្បាស់ៗ ស្តីពីទំនាក់​ទំនងយ៉ាងជិតស្និតរវាងកងទ័ពនៃប្រទេសកម្ពុជា-ថៃ។

លោកស្រីបន្តថា ប្រទេសអូស្ត្រាលីតែងមានកិច្ចសហការល្អជាមួយប្រទេសកម្ពុជា ដូចនេះបើសិនលោក​មេបញ្ជការ​ មានបញ្ហាពាក់ព័ន្ធខាងវិស័យកងទ័ព អាចធ្វើការទំនាក់ទំនង ជាមួយអនុពន្ធ័យោធាអូស្ត្រាលីប្រចាំ​នូវកម្ពុជា និងត្រៀមសហការជួយគ្រប់ពេលវេលា។

ឯកអគ្គរាជទូតរូបនេះ បានប្រគល់សម្ភារៈការិយាល័យ ដូចជាកុំព្យូទ័រ ម៉ាស៊ីនព្រីន និងរបស់មួយចំនួនទៀត ដោយឡែកលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្រ្ដា ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ដែលជារចនាបទខ្មែរ ដល់ប្រតិភូផងដែរ ៕







No comments:

Post a Comment