Tuesday, July 11, 2017

បុព្វបុរសខ្មែរតាមថែរក្សាអ្នកការពារសន្តិភាព!

សូរសំឡេងទូងស្គរ ជួង និងត្រដោក អមដោយសំឡេងធម៌ និងពរសព្វសាធុការ​បានបន្លឺឡើងយ៉ាងកងរំពង កក្រើកព្រះរាជាណាចក្រកម្ពុជា និងពិភពលោក នៅថ្ងៃទី ១០ កក្កដានេះ។ គឺជាសំឡេងស្គរជ័យ និងពរសព្វសាធុការ​ជូនដល់ស្ថាបនិកដែលនាំមកនូវសន្តិភាព និងការពារសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
សំឡេងស្គរជ័យដ៏គួរឲ្យព្រឺព្រួច សំឡេងជូនពរលាន់លឺកងរំពងដែលផុសចេញពីគ្រប់ទិសទី នាថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៧ នេះ គឺជាលទ្ធផលនៃការរួមដៃគ្នារវាងព្រលឹងបុព្វរបុសខ្មែរថែរក្សាទឹកដី និងបារមីថែរក្សាព្រះរាជាណាចក្រ ជាមួយនឹងបារមីនៃទេវតាថែរក្សាលោក ​សម្រាប់ជាពរជ័យដល់អ្នកបន្តវេនរបស់ពួកគេដែលកំពុងការពារព្រះរាជាណាចក្រសព្វថ្ងៃឲ្យរួចផុតពីល្បិចកលរបស់ក្រុមទុច្ចរិត។ ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានគិតដល់​និងបានចាប់អារម្មណ៍ពីបញ្ហានេះ។ ប៉ុន្តែ សម្រាប់អ្នកដែលបានតាមដានព្រឹត្តិការណ៍បែបនេះ​តាំងពីជិត៤ទសវត្សរ៍មកហើយនោះគ្មានអ្វីជាអាថ៌កំបាំងនោះឡើយ។ មានព្រឹត្តិការណ៍ដ៏អស្ចារ្យ​​ជាច្រើនបានកើតឡើងរួចមកហើយនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ។

បុព្វបុរសខ្មែរដែលបានសាងមហាប្រាសាទដ៏អស្ចារ្យរាប់ពាន់នៅលើទឹកដីនេះសុទ្ធតែបានបង្កប់​នូវបារមីដែលគេពិបាកនឹងពន្យល់។ ប៉ុន្តែ ពលរដ្ឋខ្មែរគ្រប់ៗរូបដែលកើតមកសុទ្ធតែនាំមកនូវជំនឿលើបារមីជាប់នឹងខ្លួននោះ មិនជាពិបាកយល់ទេអំពីបញ្ហានេះ។ មានតែអ្នកដែលខំកុហកខ្លួនឯង មិនទទួលស្គាល់ការពិត ដើម្បីមហិច្ឆតានយោបាយប៉ុណ្ណោះ ដែលសុខចិត្តក្បត់ការពិត​ សូម្បីតែ​អ្នកដែលបានរំដោះពួកគេឲ្យរួចពីស្លាប់ក៏ពួកគេហ៊ានបំភ្លេចគុណ។ ពពួកមនុស្សបែបនេះចាស់លោកហៅថាជាមនុស្សដែលព្រះប្រោសមិនបាន។ ពួកគេកើតមកដើម្បីតែសាងគ្រោះដល់ប្រទេសជាតិតាមរយៈការប៉ុនប៉ងលុបបំបាត់គុណសម្បត្តិអ្នកដទៃ បំភ្លៃការពិត​ដើម្បីកេងចំណេញនយោបាយឲ្យក្រុមនិងបក្សពួករបស់ខ្លួន។

ប៉ុន្តែ ទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈដែលដូនតាខ្មែរបង្កើតឡើងមិនមែនជាទីកន្លែងសម្រាប់ពួកមនុស្សអាក្រក់សម្រេចមហិច្ឆតារបស់ខ្លួនឡើយ។ ម្តងហើយម្តងទៀត គោលបំណងទុច្ចរិតរបស់ពួកគេត្រូវបានបំបែកដោយបារមីថែរក្សាទឹកដី និងបារមីថែរក្សាព្រះរាជាណាចក្រ រួមនឹងបារមីនៃទេវតារក្សាលោក ដើម្បីត្រួសត្រាយផ្លូវឲ្យសភាវៈល្អបានឃុំគ្រងប្រទេសនេះ​ជាយូរអង្វែងតទៅ។ ព្រះរាជាណាចក្រអច្ឆរិយស័ក្តិសមនឹងអ្នកដឹកនាំដែលហ៊ានបូជាជីវិត សាច់ស្រស់ឈាមស្រស់ដើម្បីនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ដែលជាវីរៈជនរបស់ជាតិពិតប្រាកដ គឺមិនមែនគ្រាន់តែនិយាយវ៉ោកវ៉ាកហើយក្លាយជាវីរៈជននោះឡើយ។ គេអាចនិយាយកុហកពលរដ្ឋដែលមិនសូវយល់ដឹងមួយចំនួនបាន ប៉ុន្តែ គេមិនអាចកុហក​ព្រលឹងបុព្វបុរសរបស់ខ្លួនបានទេ។ ព្រលឹងបុព្វបុរសខ្មែរនឹងតាមថែរក្សាអ្នកការពារសន្តិភាព និងជាវីរៈជនពិតប្រាកដ ហើយនឹងតាមរារាំងអ្នកប៉ុនប៉ងបំផ្លាញភាពសុខសាន្ត​របស់​ប្រជាជន ឬជាវីរៈជនក្លែងក្លាយមិនឲ្យងើបមុខរួច។

ដូច្នេះ ការចុះបញ្ជីប្រាសាទសម្បូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី ៨កក្កដា ឆ្នាំ ២០១៧ និងបានបង្កើតឲ្យមានភាពកងរំពងទាំងក្នុងឋានទេវតា និងមនុស្សលោក នៅថ្ងៃទី ១០ កក្កដា នេះគឺពិតជាពរជ័យរបស់ទេវតា (ទាំងទេវតាថែរក្សាព្រះរាជាណាចក្រ និងទាំងទេវតាថែរក្សាលោក) ​ជូនដល់អ្នកស្រឡាញ់សន្តិភាព និងជាវីរៈបុសរពិតប្រាកដរបស់ប្រទេសជាតិ​។ តែវាជាបណ្តាសាសម្រាប់អ្នកប៉ុនប៉ងបំផ្លាញសន្តិភាព អ្នកចូលចិត្តធ្វើអាជីវកម្មលើខ្មោច​ហើយសាងគ្រោះដល់ប្រទេសជាតិ ដែលកំពុង​បន្លំខ្លួនដើរតួជាបុរសជិះសេះសដោយគ្មានការអៀនខ្មាស៕

ដោយ៖ សូរ គងជ័យ


No comments:

Post a Comment