Tuesday, July 11, 2017

កំណើនភ្ញៀវទេសចរកម្ពុជាចេញទៅ​ក្រៅប្រទេស​ បញ្ជាក់ថា​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែធូរធា​ជាងមុន​ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​

បើតាមរបាយការណ៍ផ្លូវការ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅរយៈពេល៥ខែ ដើមឆ្នាំ២០១៧ មានទេសចរកម្ពុជា ចេញទៅទស្សនាក្រៅប្រទេសចំនួន៧០០,០២៧នាក់ កើនឡើង១៨.៨% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។

ក្រសួងទេសចរណ៍ បានបន្តថា ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការរីកចម្រើនលើគ្រប់វិស័យ ខណៈកំណើនសេដ្ឋកិច្ចជាតិសម្រេចបាន៧% ក្នុងឆ្នាំ២០១៦ នេះសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា កាន់តែមានជីវភាពធូរធាជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ នាំឲ្យកំណើនមនុស្សដើរទេសចរណ៍ ក៏មានការកើនឡើងច្រើនផងដែរ។

របាយការណ៍ផ្លូវការ របស់ក្រសួងទេសចរណ៍ បានបន្តទៀតថា របាយការណ៍បូកសរុបលទ្ធផលការងារទេសចរណ៍ ឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆមាសទី២ បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាប្រទេសកម្ពុជា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ មានចំនួន២,២៨៤,៦៣០នាក់ កើនឡើង ១២.៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។

កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរទៅទស្សនាកម្សាន្តនៅក្រៅប្រទេសចំនួន១,៤៣៤,០៣០នាក់ ខណៈប្រទេសកម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥,០១១,៧១២នាក់ កើនឡើង ៥%៕


No comments:

Post a Comment