Tuesday, July 11, 2017

រដ្ឋមន្រ្តីក្រសួងការបរទេស ដឹកនាំមន្រ្តី ចេញទៅបំពេញ​ទស្សនកិច្ច​នៅប្រទេស​មីយ៉ាន់ម៉ា​ តបតាមការ​អញ្ជើញរបស់​លោក​ស្រី អ៊ុង​ សានស៊ូជី

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំមន្រ្តីមួយក្រុមចេញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា។

រដ្ឋមន្រ្តីក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងដំណើទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាការងារជាមួយលោកស្រី អ៊ុង សានស៊ូជី បន្ទាប់មកនឹងចូលជួបសម្តែងការគួរសមជាមួយលោក ធិន ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

រដ្ឋមន្រ្តីក្រសួងការបរទេស បានឲ្យដឹងទៀតថា ដោយសារមានទំនាក់ទំនងប្រវត្តិសាស្រ្តយូរអង្វែង និងប្រពៃណីស្រដៀងគ្នា រវាងកម្ពុជា និងមីយ៉ាន់ម៉ានោះ លោកបានរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងរិះរកយន្តការថ្មីទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរផងដែរ៕



No comments:

Post a Comment