Tuesday, December 20, 2016

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កានៅវិមានវីរជនយុទ្ធជនពលី និងវិមានសពប្រធានហូជីមិញ

(ហាណូយ)៖ នៅរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កានៅវិមានវីរជនយុទ្ធជនពលី និងវិមានសពប្រធានហូជីមិញ អមដោយកម្រងផ្កាអក្សរទឹកមាសដែលបានរចនាឡើងក្នុងអត្ថន័យថា សូមគោរពវិញ្ញាណក្ខន្ធវរជន យុទ្ធនារីដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិវៀតណាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំអោនកាយវាចារចិត្តគោរពចំពោះវិរជនយុទ្ធជនពលីវៀតណាមទាំងអស់ ដែលបានបូជានូវកម្លាំងកាយចិត្ត ពិសេសបូជានូវសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារ និងរំដោះប្រទេសជាតិចេញពីអាណានិគមឈ្លានពាន រហូតទទួលបានជោគជ័យ និងទទួលបាននូវឯករាជ្យជាស្ថាពរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានគោរពវិញ្ញាណក្ខន្ធសពប្រធានហូជីមិញ ដែលអមដោយកម្រងផ្កាអក្សរទឹកមាស មានអត្ថន័យថា សូមគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

គួរបញ្ជាក់ថា ការអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ វីរជនយុទ្ធជនពលី និង សពប្រធានហូជីមិញ នេះធ្វើឡើងក្នុងឱកាស ដែលនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦៕



No comments:

Post a Comment