Tuesday, December 20, 2016

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃជួយនារីខ្មែរ រងគ្រោះ៣នាក់ត្រលប់មកកម្ពុជាវិញដោយសុវត្ថិភាព

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៦  ស្ថានអគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរ៣នាក់ ដែលមេខ្យល់បោកបញ្ឆោតយក ទៅរៀបការជាមួយបុរសជនជាតិចិនឲ្យបានត្រឡប់មក កម្ពុជា វិញដោយ សុវត្ថិភាព។
នេះបើយោងតាម សេចក្តី ប្រកាសព័ត៌មាន របស់ ក្រសួង ការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦នេះ។ បានបញ្ជាក់ឲ្យដឹងថា នារីទាំង៣នាក់បាន មក ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ វេលាម៉ោង ២៣៖ ១៥ នាទី ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៦  តាមជើងយន្តហោះ MU759 ។ អំឡុងពេលរង់ចាំមកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានរ៉ាប់រងផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគ ដល់នារី រង គ្រោះទាំង៣នាក់ផងដែរ។
នារីខ្មែររងគ្រោះទាំង៣នាក់រួមមាន ទី១ ឈ្មោះ ឆ.ព អាយុ ២៧ឆ្នាំ មកពីខេត្តកំពង់ចាម ទី២ ឈ្មោះ ធ.ម.ល អាយុ១៦ឆ្នាំ មកពីខេត្តកំពង់ចាម និងចុងក្រោយឈ្មោះ ស.ដ.ន អាយុ ២៦ ឆ្នាំ មកពីខេត្តព្រៃវែង។
ជាមួយគ្នានោះដែរ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់សូមមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេខ្យល់ ឬជនណា ដែលប្រើ លាភសក្ការៈ ដើម្បីអូសទាញ បញ្ចុះបញ្ចូល និងបោកបញ្ឆោត  ប៉ុនប៉ងយកទៅរៀបការជាមួយជនបរទេស ឬធ្វើការខុសច្បាប់ នៅតាមប្រទេសនានា៕

No comments:

Post a Comment