Tuesday, December 20, 2016

កាកបាទក្រហមកម្ពុជាបានធ្វើពិធីប្រគល់ស្រះទឹក អណ្តូងស្នប់ និងបង្គន់អនាម័យ ដល់ប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោកស្រី ឆាន់ ចន្ទសោភា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិកាសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ បានធ្វើពិធីប្រគល់ស្រះទឹក១កន្លែងទំហំ ៣០ម៉ែត្រ x ៥០ម៉ែត្រ មានជម្រៅ៥ម៉ែត្រ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយស្រះទឹកនេះអាចឱ្យប្រជាពលរដ្ឋប្រើប្រាស់បានសរុបចំនួន ៧៤គ្រួសារ ស្ថិតនៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងប្រគល់អណ្តូងស្នប់ចំនួន ៤ ដែលប្រជាពលរដ្ឋប្រើប្រាស់បានសរុបចំនួន ៩៥គ្រួសារ នៅក្នុងភូមិ អូរឬស្សី ១កន្លែង ភូមិអូរនាង ១កន្លែង ភូមិសិលាខ្មែរ ១កន្លែង និងភូមិទំនប់ដាច់ ១កន្លែង ព្រមទាំងប្រគល់បង្គន់អនាម័យ ចំនួន ១៧៩ នៅក្នុងភូមិចំនួន៧ នៅក្នុងស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។
ក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធប្រធាន ដែលជានិច្ចជាកាល លោកស្រី តែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេសបញ្ហាអនាម័យទឹកស្អាត។
បន្ទាប់ពីបញ្ចប់ពិធីប្រគល់ស្រះទឹក និងអណ្តូងរួចមក លោកស្រីអគ្គលេខាធិការ បានចុះសួរទុក្ខ និងចែកអំណោយមនុស្សធម៌ តាមផ្ទះដែលមាន ចាស់ជរាគ្មានទីពឹង និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៤គ្រួសារ រស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ១គីឡូក្រាម ទឹកស៊ីអ៉ីវ ៣ដប ទឹកត្រី ៣ដប ប្រេងឆា ៣ដប សារុង១ មុង១ ភួយ១ ក្រមា១ ក្រណាត់ស ១ និងថវិកា មួយចំនួន។
ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះ សម្តេចដែលបានឆ្លើយតបចំពោះពួកគាត់ទាំងអស់គ្នា នៅបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ នារដូវប្រាំងខាងមុខនេះ និងសូមសម្តេចទទួលបាននូវពុទ្ធពរ៤ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



No comments:

Post a Comment