Tuesday, December 20, 2016

គ.ជ.ប អំពាវនាវប្រជាពលរដ្ឋ ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោតនៅសាលាឃុំ សង្កាត់ដែលបានចុះឈ្មោះ ចាប់ពីថ្ងៃទី០២ មករា តទៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹង តាមរយៈខ្លឹមសារជាពាក្យស្លោក ថា៖ «តោះយើងទៅមើលឈ្មោះ» ។ ដោយ គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត ដែលបានទៅចុះឈ្មោះក្នុងបញ្ជីចុះឈ្មោះថ្មី របស់ គ.ជ.ប ចាប់ពីថ្ងៃទី ២ មករា ឆ្នាំ ២០១៧ នៅតាមការិយាល័យដែលប្រជាពលរដ្ឋបានទៅចុះឈ្មោះ។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិររៀបចំការបោះឆ្នោត បានបញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូងនឹងបិទផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅសាលាឃុំ -សង្កាត់ដែលអ្នកបានចុះឈ្មោះ ហើយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុប ត្រូវបិទផ្សាយទន្ទឹមគ្នា។
យោងតាមសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ដែរថា ដើម្បីធ្វើការផ្ទៀងផ្ទាត់ឈ្មោះ សូមបងប្អូនប្រជាពលរដ្ឋយកបង្កាន់ដៃចុះឈ្មោះ និងអត្តៈសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីផ្ទៀងផ្ទាត់។
ដោយឡែកពាក់ព័ន្ធនឹងបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ សាមីខ្លួនឬតំណាងអាចដាក់ពាក្យបណ្តឹងនៅសាលាឃុំសង្កាត់រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧៕

No comments:

Post a Comment