Tuesday, December 20, 2016

ថ្ងៃនេះជាថ្ងៃបើកសន្និសីទតុលាការខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម-ឡាវលើកទី៤

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ ប្រធានតុលាការកំពូលកម្ពុជា លោក ឌិត មន្ទី ដែលបានដឹកនាំប្រតិភូតុលាការកំពូលរបស់កម្ពុជា ចូលរួមសន្និសីទតុលាការ ខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ-វៀតណាម បានឱ្យដឹងថា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ ជាថ្ងៃ  បើកសន្និសីទតុលាការខេត្តជាប់ព្រំដែននៃប្រទេសទាំង៣លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ្វា ប្រទេសវៀតណាម។
លោក ឌិត មន្ទី បានឱ្យដឹងថា កន្លងមកសន្និសីទតុលាការខេត្តជាប់ព្រំដែន-កម្ពុជា-វៀតណម-ឡាវ បានធ្វើចំនួន៣លើករួចហើយ គឺលើកទី១ ធ្វើនៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ្វា ប្រទេសវៀតណម កាលពីឆ្នាំ២០១០, លើកទី២ ធ្វើនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីឆ្នាំ២០១២ និងលើកទី៣ ធ្វើនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
លោកក៏បានឱ្យដឹងទៀតថាការធ្វើសន្និសីទនេះក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមព្រំដែនជាប់ជាមួយប្រទេសកម្ពុជា-វៀតណាម-ឡាវ និងការផ្លាស់ប្ដូរទស្សនៈកិច្ច និងបទពិសោធន៍ការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ការផ្សព្វផ្សាយច្បាប់ដល់ប្រជាជនតាមបន្ទាត់ព្រំដែន។
គួរបញ្ជាក់ថាសម្រាប់ប្រទេសកម្ពុជា ខេត្តដែលនៅតាមបណ្ដោយព្រំដែនជាប់ប្រទេស វៀតណាម និងឡាវ គឺមានចំនួន១២ខេត្តរួមមាន៖ ខេត្តកណ្ដាល តាកែវ ព្រះសីហនុ កំពត ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ៕

No comments:

Post a Comment