Tuesday, December 20, 2016

កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

(ហាណូយ)៖ ក្នុងកិច្ចពិភាក្សាទ្វេភាគី ដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦នេះ មេដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានធ្វើការពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការយោគយល់ទៅវិញទៅមក និងការទុកចិត្តគ្នាក្នុងនោះមេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សម្រាប់ប្រទេសទាំងពីរ ពិសេសបានធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់វៀតណាម ក្នុងកាស្តារកសាង និងអភិវឌ្ឍជាតិតាមរយៈនោះ លោក ហ៊ុន សែន ក៏បានជូនពរប្រជាជនវៀតណាម ទទួលបានជោគជ័យក្នុងការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត និងរដ្ឋវៀតណាម។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក បានកោតសរសើរនិងអបអរសាទរយ៉ាងខ្លាំងចំពោះសមិទ្ធផលសំខាន់ៗ ដែលប្រជាជនកម្ពុជាទទួលបាន ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកសាង និងអភិវឌ្ឍជាតិ ដែលនាំមកនូវស្ថិរភាពនយោបាយ និងសង្គម ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងកាន់តែខ្លាំងឡើង នូវជំហរ និងតួនាទីរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងតំបន់និងពិភពលោក។

នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការបោះជំហានទៅមុខនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ នាពេលកន្លងមកដែលនាំមកនូវ ផលប្រយោជន៍ជាក់ស្តែងជាច្រើនប្រជាជននៃប្រទេសទាំងពីរ។ មេដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាពគ្នាថា ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺពិតជាមានសារៈសំខាន់យ៉ាងក្រៃលែងសម្រាប់ប្រជាជាតិទាំងពីរ។ តាមរយៈនោះ មេដឹកនាំទាំងពីរ បានប្តេជ្ញាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីស្របតាមពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕



No comments:

Post a Comment