Tuesday, December 20, 2016

​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋ​មន្រ្តី​​ក្រ​សួង​ការ​​ពារ​ជាតិ​​ម៉ា​ឡេ​ស៊ី និយាយ​ថា​ ប្រ​ទេស​មហា​អំណាច​​នឹង​​​គោរព ​​​​​គោល​ជំហរ​​​​អា​ស៊ានដែល​មាន​ការ​រួប​រួម​គ្នា​ ​​ស្តី​ពី​សមុទ្រ​ចិន​ខាង​ត្បូង​

រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បាននិយាយថា អាស៊ានគួរតែបង្រួបបង្រួមគ្នា ដើម្បីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។
សហរដ្ឋអាមេរិក និងចិនគួរតែគោរពសម្លេង និងជំហររបស់អាស៊ាន គឺដោយសារតែជោគវាសនា និងជំហរនៃបណ្តាប្រទេសសមាជិកអាស៊ាន នឹងត្រូវបានកំណត់ដោយប្រទេសមហាអំណាចពិភពលោកទាំងនេះ។
គាត់មានទស្សនៈយល់ឃើញថា បណ្តាប្រទេសសមាជិកអាស៊ានគួរតែមានជំហរបង្រួបបង្រួមគ្នាលើសមុទ្រចិនខាងត្បូង។ ប្រទេសម៉ាឡេស៊ីមិនដែលផ្លាស់ប្តូរនូវជំហររបស់ខ្លួនទេ។
គាត់បាននិយាយថា បញ្ហានៃការដាក់សម្ភារៈយោធានៅសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយរួមគ្នាដោយបណ្តាប្រទេសសមាជិកអាស៊ាន។ ទន្ទឹមគ្នានោះដែរ គាត់ក៏បានសរសេរលិខិតផ្ញើទៅកាន់សហរដ្ឋអាមេរិក និងចិន ដោយស្នើឱ្យមានគំនិតផ្តួចផ្តើមដែលមានតម្លាភាពនៃផ្ទៃសមុទ្រនៅតំបន់អាស៊ី (Asia Maritime Transparency Initiative) ដើម្បីបញ្ចេញនូវរូបថតរបស់ចិន ដែលបានបង្កើនសម្ភារៈយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
លោក Hishammuddin បាននិយាយពីបញ្ហានេះ បន្ទាប់ពីបានចូលរួមនៅក្នុងពិធីថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ដែលរៀបចំដោយវិទ្យាស្ថាន Onn Jaafar (Institute of Onn Jaafar, IOJ)។ គាត់បានឆ្លើយតបទៅនឹងការតវ៉ារបស់អាមេរិកប្រឆាំងនឹងការរឹបអូសជលយានគ្មានមនុស្សបើករបស់ខ្លួនដោយប្រទេសចិននៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រចិនខាងត្បូង ដែលបានបង្កើនឱ្យមានភាពតានតឹងនៅតំបន់នេះ។
តាមជំហរដ៏តឹងរ៉ឹងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ដែលប្រហែលជាអាចបង្កើនឱ្យមានភាពតានតឹងនៅក្នុងតំបន់។ គាត់យល់ឃើញថា បញ្ហានេះ គឺវាអាស្រ័យទៅលើទស្សនៈរបស់លោក Trump។ គាត់បាននិយាយថា ប្រទេសម៉ាឡេស៊ីតែមួយមិនអាចមានលទ្ធភាព ដើម្បីប្រឈមមុខជាមួយនឹងប្រទេសមហាអំណាចទាំងនេះបានទេ ប៉ុន្តែត្រូវដោះស្រាយរួមគ្នាក្នុងនាមជាអាស៊ាន។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា ប្រសិនបើប្រទេសទាំង១០ រួមកម្លាំងគ្នាតែមួយនោះ វាត្រូវបានគេជឿថា ប្រទេសចិននឹងមិនហ៊ានមើលងាយ ឬក៏មិនយកចិត្តទុកដាក់នូវជំហររបស់អាស៊ានដែរ។
គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ម៉ាឡេស៊ីគឺនៅជិតស្និទ្ធជាមួយនឹងហ្វីលីពីន ដែលជាដៃគូរបស់ខ្លួន។ ស្របពេលគ្នានោះដែរ គាត់ក៏បានឯកភាពជាមួយនឹងហ្វីលីពីនថា បញ្ហានៃការបង្កើនសម្ភារៈយោធានៅសមុទ្រចិនខាងត្បូង គួរតែត្រូវបានបញ្ជាក់តាមរយៈការទូតជាផ្លូវការ។
គាត់បាននិយាយថា កាតព្វកិច្ចរបស់ក្រសួងការពារជាតិ ត្រូវធានាឱ្យបានថា សន្តិសុខនៅឯដែនទឹករបស់ម៉ាឡេស៊ី មិនត្រូវបានគេគំរាមកំហែងឡើយ។ ប្រសិនបើមានការបង្កើនសម្ភារៈយោធាមិនត្រូវបានគេត្រួតពិនិត្យនោះទេ វាប្រហែលជាអាចគំរាមកំហែងដល់សុខដុមរមនា និងសុវត្ថិភាពក្នុងតំបន់។
គាត់បានបន្តទៀតថា ការត្រួតពិនិត្យដោយកងទ័ពជើងទឹក គឺវាមានសារៈសំខាន់ណាស់ដើម្បីធានាឱ្យបានថា ទូកនេសាទ និងឆ្មាំសមុទ្រមានសុវត្ថិភាព និងទប់ស្កាត់ចំពោះស្ថានភាពពីការគ្រប់គ្រងមិនបាន ដែលនាំឱ្យមានសង្រ្គាមពាក្យសម្តីពាក់ព័ន្ធនឹងប្រទេសផ្សេងៗ។
គាត់នឹងណែនាំដល់មេបញ្ជាការកងទ័ពជើងទឹកម៉ាឡេស៊ី ឧត្តមនាវីឯក Tan Sri Ahma Kamarulzaman Ahmad Badaruddin ឱ្យទទួលខុសត្រូវលើបញ្ហានេះ។ ប្រទេសម៉ាឡេស៊ីបានកំពុងតែទាក់ទងជាមួយនឹងប្រទេសចិន និងសហរដ្ឋអាមេរិកដោយផ្ទាល់។ មានភាពចាំបាច់ណាស់ ដើម្បីបង្កើនចំណងទាក់ទងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក្នុងការធានាឱ្យបាននូវស្ថិរភាព និងសុវត្ថិភាពថ្នាក់តំបន់ ដែលទប់ស្កាត់ភូមិសាស្រ្តនយោបាយត្រូវបានគ្របដណ្តប់ដោយការពិចារណាគិតទុកជាមុនរបស់ប្រទេសមហាអំណាច៕
ប្រភព: Asia News Network ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦

No comments:

Post a Comment